Alynana Media Cambodia
Icon Collap
clinic narit

ហាងឆេងមាសធ្លាក់ថ្លៃយ៉ាងគំហុក! បន្ទាប់ពីចូលឆ្នាំចិនរួច មាសធ្លាក់ថ្លៃក្រោយមានព័ត៌មានពីសហរដ្ឋអាមេរិក

Media LNN | Feb 15, 2024
ហាងឆេងមាសធ្លាក់ថ្លៃយ៉ាងគំហុក! បន្ទាប់ពីចូលឆ្នាំចិនរួច មាសធ្លាក់ថ្លៃក្រោយមានព័ត៌មានពីសហរដ្ឋអាមេរិក
Clinic narith

ក្រោយពីចូលឆ្នាំចិនបានកន្លងផុតទៅហាងឆងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងនៅថ្ងៃទី១៤កុម្ភៈនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃចំនួន២៨ដុល្លារមកដល់ត្រឹម១៩៩០ដុល្លារក្នុងមួយអោន( ស្មើនឹង២៣៩៧ដុល្លារក្នុងមួយតម្លឹង)។

បើយោងតាមការចុះផ្សាយរបស់វេបសាយKitco ដែលជាវេបសាយវិភាគលើទីផ្សារហាងឆេងមាសឲ្យដឹងថាហាងឆេងមាសបានធ្លាក់ថ្លៃគំហុកដោយសារតែទិន្នន័យនៃអតិផរណានៅសហរដ្ឋអាមរិកមានភាពមានភាពល្អប្រសើរដោយធ្លាក់ចុះមកត្រឹម៣.១%នៅខែមករាឆ្នាំ២០២៤នេះ។ 

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៃ Kitco បានឲ្យដឹងថាអត្រាការប្រាក់ដុល្លាររបស់អាមេរិកអាចនឹងត្រូវបានទម្លាក់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៤នេះខណៈទិន្នន័យសេដ្ឋលកិច្ចរបស់អាមេរិកបង្ហាញថាមានភាពល្អប្រសើរច្រើន។ លោកបានបន្តទៀតថាសញ្ញាល្អនៃស្ថានភាពសេដ្ឋកិច្ចអាមេរិកនឹងធ្វើឲ្យមាសបាត់បងភាពទាក់ទាញពីក្រុមអ្នកវិនិយោគខណៈដែលផ្សារភាគហ៊ុនមានការកើនឡើង ដូច្នេះកត្តានេះបានដាក់សម្ពាធលើហាងឆេងមាសដែលធ្វើឲ្យមាសចាប់ផ្ដើមធ្លាក់ថ្លៃគំហុក។ 

បើងាកមកទីផ្សារហាងឆេងមាសក្នុងស្រុកយើងវិញឃើញថាតម្លៃហាងឆេងមាសនៅថ្ងៃនៃក្ដីស្រលាញ់នេះបានធ្លាក់មកត្រឹម២៤០ដុល្លារក្នុងមួយជី។

បើយោងតាមទស្សនៈរបស់ក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថាភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចជាកត្តាមួយដែលធ្វើឲ្យទីផ្សារមាសមានតម្រូវការដូច្នេះកត្តានេះគឺជំរុញឲ្យក្រុមអ្នកវិនិយោគនៅតែបន្តវិនិយោគលើមាសខណៈមាសត្រូវបានគេចាត់ទុកជាទ្រព្យសុវត្ថិភាព(Safe-haven asset)។

គួរបញ្ជាក់ផងដែរថាបើយោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះដោយក្រុមប្រឹក្សាមាសពិភពលោក(WGC) បានបង្ហាញថា២៤%នៃធនាគារកណ្ដាលទាំងអស់នឹងបង្កើនការទិញមាសស្តុកទុកក្នុងរយៈពេល១២ខែទៀតខណៈពួកគេមើលឃើញថាការមានទុនបម្រុងជាប្រាក់ដុល្លារមានសញ្ញាមិនសូវល្អ។ កត្តានេះគឺជាកត្តាធំមួយដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសនៅតែខ្ពស់៕