(ម៉ាឌ្រីដ)៖ ក្បួនត្រាក់ទ័របានរំខានដល់ការធ្វើចរាចរណ៍ជុំវិញរដ្ឋធានីម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមកសិករនាំគ្នាតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា ជាការបំពានហួសហេតុ និងការទទួលបានជំនួយរដ្ឋមិនគ្រប់គ្រាន់ ដោយបើកទៅជួបជុំគ្នានៅកណ្តាលទីក្រុង បំណងរឆ្ពោះទៅកាន់ក្រសួងកសិកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្រុមកសិករបានធ្វើការតវ៉ាមួយសប្តាហ៍មកហើយទូទាំងតំបន់អឺរ៉ុប ដែលភាគច្រើនៅប៉ូឡូញ ក្រិក និងឆែក។ ពួកគេអំពាវនាវ ឱ្យមានការបង្កើតស្នាក់ការរបស់រដ្ឋមួយ ដែលធ្វើការពាក់ព័ន្ធនឹងគោលនយោបាយកសិកម្មរួមរបស់សហភាពអឺរ៉ុប និងបន្ធូរបន្ថយ ច្បាប់បរិស្ថានរបស់ប្លុកនេះ។ មានការប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅពេលដែលមានត្រាក់ទ័រចូលមកដល់ ខណៈកសិករព្យាយាមដើរ នៅលើដងវិថី Alcala ខុសពីការគ្រោងទុក ហើយក្រុមមន្រ្តីដែលកាន់ឧបករណ៍បង្រ្កាបកុបកម្ម បានបិទផ្លូវពួកគេ។
គួរបញ្ជាក់ថា ចរាចរណ៍នៅជុំវិញវិមាន Puerta de Alcala ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយរថយន្តក្រុងជាច្រើន មិនអាចបើកបរបានទេ ព្រោះមានកសិករកកកុញនៅតាមដងផ្លូវ៕