Alynana Media Cambodia
Icon Collap
clinic narit

សៀមរាបទទួលបានទេសចរជិត ៥៤ម៉ឺននាក់ កើនជាង៦២% ក្នុងនោះភ្ញៀវបរទេសជាង ២៣ម៉ឺននាក់ ជនជាតិកូរ៉េខាងត្បូងច្រើនជាងគេ

Media LNN | Mar 06, 2024
សៀមរាបទទួលបានទេសចរជិត ៥៤ម៉ឺននាក់ កើនជាង៦២% ក្នុងនោះភ្ញៀវបរទេសជាង ២៣ម៉ឺននាក់ ជនជាតិកូរ៉េខាងត្បូងច្រើនជាងគេ
Clinic narith

 

(សៀមរាប)៖ ខេត្តសៀមរាបនៅតែទទួលបានភ្ញៀវទេសចរ ទៅមកទស្សនាច្រើនឡើងៗ ខណៈរយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរសរុបជិត ៥៤ម៉ឺននាក់។ នេះបើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីខែមករា-ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥៣៧,៣៥០នាក់ កើនឡើង ៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះ៖
* ភ្ញៀវទេសចរជាតិមានចំនួន ៣០១,៥០០នាក់
* ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៣៥,៨៥០នាក់។

ចំពោះទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ រួមមាន៖
* កូរ៉េខាងត្បូង ២៩,២៥៤នាក់
* អាមេរិក ២៤,៨៧៨នាក់
* បារាំង ២១,៧៧៥នាក់
* អង់គ្លេស ១៩,៤៥២នាក់
* ចិន ១៦,០៧៤នាក់
* អាល្លឺម៉ង់ ១៤,២១៤នាក់
* ជប៉ុន ១២,០៩៤នាក់
* ឥណ្ឌា ៨,៦៨៣នាក់
* រុស្ស៉ី ៨,៦៥៨នាក់
* អូស្ត្រាលី ៨,៥៤៤នាក់

ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងផងដែរថា ក្នុងរយៈពេល ១សប្ដាហ៍ដើមខែមីនា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលទៅទស្សនាខេត្តសៀមរាប មានចន្លោះចាប់ពីជាង ៣ពាន់នាក់ ទៅជាង៤ពាន់នាក់។

គួរជម្រាបថា វិស័យទេសចរណ៍កម្ពុជា កំពុងងើបឡើងវិញជាបន្តបន្ទាប់។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានដាក់ក្តីរំពឹងថា កម្ពុជា​នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ ៦លាន៦សែននាក់ នៅឆ្នាំ២០២៤នេះ ដែលជាតួលេខខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ដែរ៕