(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនជឿមានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយាយផលអវិជ្ជមាន លើគម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយរបស់វិទ្យុប្រតិក្រិយាឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នេះមិនមែនជាលើកទី១ នោះទេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមកប្រតិកម្មចំពោះការផ្សាយរបស់វិទ្យុបម្រើបរទេស ខេមបូឌាដេលី ដែលផ្សាយបំភ្លៃ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ-ហ្វូណន ដែលវិទ្យុនេះតែងតែអះអាងថា បានប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច។ ខេមបូឌាដេលី បំភ្លៃថា ព្រែកជីកហ្វូណន-តេជោ ជាគម្រោងគ្មានប្រយោជន៍ និងធ្វើឲ្យរាជរដ្ឋាភិបាលផុងខ្លួននឹងបំណុល។
បើតាមប្រសាសន៍សម្តេចធិបតី ព្រែកជីកហ្វូណន-តេជោនេះ ជាគម្រោង BOT ដែលរដ្ឋអត់មានខ្ចីលុយគេទេ។ គម្រោងព្រែកជីកហ្វូណន-តេជោ ក៏មិនមែនធ្វើបានសម្រាប់តែផ្ទះលើទឹកតូចៗ និងទូកនេសាទតូចៗ នោះដែរ តែមានសមត្ថភាពដឹកជញ្ជូនរហូតដល់ទៅ ៣ពាន់តោនឯណោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះមួយថ្ងៃៗ វ៉ៃតែព្រែកជីកហ្វូណន ថាព្រែកជីកហ្វូណនធ្វើអត់ប្រយោជន៍ ថាធ្វើបានតែផ្ទះលើទឹក ទូកតូចៗ រកត្រីតូចតាច។ ខ្ញុំសូមបញ្ជាក់ថា មានវិទ្យុមួយនោះឧស្សាហ៍និយាយថា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បាននិយាយថា គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងអត់បានការ ហើយគ្មានបានផលប្រយោជន៍ខ្មែរបន្តិចសោះ។ ខ្ញុំថា ទីមួយ កុំទៅលាបពណ៌មន្ត្រីជាន់ខ្ពស់ ហើយទីពីរ បើមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និយាយបែបហ្នឹង ខ្ញុំមិនជឿទេ។ ខ្ញុំមិនជឿថាមានមន្ត្រីកម្ពុជាណា ដែលមិនយល់ហេតុផល ថាកម្ពុជាយកកន្លែងហ្នឹងជាកន្លែង ជំពាក់លុយគេវ័ណ្ឌក»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។
សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល ៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។
ដោយឡែក សម្រាប់គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ៕