Alynana Media Cambodia
Icon Collap
clinic narit

បេក្ខជនជាង ៥៧០០០ នាក់ចាប់អារម្មណ៍ និងកំពុងដាក់ពាក្យប្រឡងគ្រូអនុវិទ្យាល័យ

Media LNN | Mar 12, 2024
បេក្ខជនជាង ៥៧០០០ នាក់ចាប់អារម្មណ៍ និងកំពុងដាក់ពាក្យប្រឡងគ្រូអនុវិទ្យាល័យ
Clinic narith

(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ចំនួនបេក្ខជនបានចាប់អារម្មណ៍ និង​កំពុង​ដាក់​ពាក្យ​ប្រឡង ធ្វើជាគ្រូអនុវិទ្យាល័យបានកើនឡើងដល់ជាង ៥៧០០០នាក់ហើយ ខណៈ​ការប្រឡង​ជ្រើស​រើសត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ចំនួនបេក្ខជនដាក់ពាក្យប្រឡងអាចបន្តកើនឡើង ខណៈកាលបរិច្ឆេទបិទឈប់ទទួលពាក្យនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។

ដំណើរការប្រឡងនេះក្រសួងមុខងារសាធារណៈ នឹងរៀបចំឱ្យមានការប្រឡងជ្រើសរើសគ្រូ​បង្រៀន​អនុវិទ្យាល័យ ដោយបច្ចុប្បន្ន ក្រសួងនៅបន្តទទួលពាក្យបេក្ខជននៅឡើយ។ ការបិទ​ទទួល​ពាក្យប្រឡង កំណត់នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ខាងមុខ។ ពាក់ព័ន្ធ​នឹងការ​ប្រឡង​គ្រូ​អនុវិទ្យាល័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ​លើកឡើង​ថា ចំនួនបេក្ខជនដែលបានចាប់អារម្មណ៍ និងកំពុងដាក់ពាក្យនៅក្នុងប្រព័ន្ធបាន​កើនឡើង​ដល់​ជាង ៥៧០០០ នាក់ហើយ។

ការដាក់ពាក្យនេះត្រូវឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត ដើម្បីពិនិត្យពីភាពគ្រប់លក្ខណ្ឌតម្រូវ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមដែរថាគិតត្រឹមថ្ងៃទី ១១ ខែមីនា ដដែលនេះ ចំនួន​បេក្ខជនដាក់ពាក្យដែលបំពេញគ្រប់លក្ខណ្ឌ និងបានបង់ថវិកាសុំសិទ្ធប្រឡងរួចរាល់ ដោយ​រង់ចាំ​តែថ្ងៃ​ប្រឡងនោះ គឺចំនួនជាង ១២០០០នាក់រួចមកហើយ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ កន្លង​ទៅ​បញ្ជាក់​ថា ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ គឺកំណត់យកអ្នកជាប់ ៤៤១នាក់។ ក្នុង​ចំនួន​ជ្រើស​រើសនេះ កំណត់លម្អិតថាជ្រើសរើសអ្នកជាប់ដើម្បីបណ្ដុះបណ្ដាលតាមប្រព័ន្ធបរិញ្ញាបត្រ+ ១ ចំនួន ១០៩នាក់ ការបណ្ដុះបណ្ដាលតាមប្រព័ន្ធ ១២+៤ ចំនួន ៨៩នាក់ និង​ការ​បណ្ដុះ​បណ្ដាល​តាម​ប្រព័ន្ធ ១២+២ ចំនួន ២៤៣នាក់។ការបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ២ឆ្នាំ ឬ ៤ឆ្នាំនេះ ចាប់ផ្ដើមនៅដើមឆ្នាំ ២០២៤ នៅតាមវិទ្យាស្ថានគរុកោសល្យ ក្នុងចំណោ​ម​អ្នក​ដែល​បាន​ដាក់​ពាក្យ ឆ្លងកាត់ការត្រួតពិនិត្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ៕