(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅខែកុម្ភៈកន្លងទៅនេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣៧គម្រោង (នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណជិត ១.២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៨ពាន់កន្លែង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖
ក៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០MW តាមរូបភាព BOT ដែលមាន ទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៤៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង
២៖ គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ១០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង
៣៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង
៤៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ
២១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្ដប់ទុនវិនិយោគសរុបចំនួន ៥៨.៤១% ខណៈពេលទុនវិនិយោគមានប្រភពមកពីប្រទេសចិនមានចំនួន ៣៣.១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤.៣១%, និងប្រទេសវៀតណាមមានចំនួន ៤.០៩%។
សូមជម្រាបថា កាលពីខែមករា ឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន៣២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕