Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រីរាជការតាមខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធនៅភ្នំពេញ ទាំងអស់នឹងត្រូវពិនិត្យ​រកសារធាតុញៀន

Media LNN | Mar 13, 2024
មន្ត្រីរាជការតាមខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធនៅភ្នំពេញ ទាំងអស់នឹងត្រូវពិនិត្យ​រកសារធាតុញៀន
Clinic narith

 

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅ​សាលា​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​មានប្រសាសន៍ថា មន្ត្រីរាជការដែលបម្រើការងារនៅតាមខណ្ឌទាំង១៤ និងកងកម្លាំង​ប្រដាប់​អាវុធ​ចំណុះ​ឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់នឹង​ត្រូវពិនិត្យ​រកសារ​ធាតុញៀន​នៅ​ក្នុង​ខ្លួន​នា​ពេល​ខាង​មុខនេះ ដើម្បីអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ពោលគឺបើរកឃើញ​មាន​មន្ត្រី​រូបណា​មាន​សារធាតុញៀន​ក្នុង​ខ្លួន​នឹង​ត្រូវ​បណ្តេញ​ចេញ​ពីក្របខណ្ឌដោយគ្មានការលើកលែងនោះទេ។

ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាមួយគ្នានេះដែរការត្រួតពិនិត្យ​ក្លឹប​កំសាន្ត​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក៏ត្រូវតែធ្វើដោយភាពម៉ឺងម៉ាត់ផងដែរ ដើម្បីបញ្ជាក់ថា នៅតាមក្លឹបកំសាន្តទាំងអស់នោះ គឺមិន​មានការជួញដូរ និងសេពគ្រឿងញៀនឡើយ។ ពាក់ព័ន្ធនឹងការងារសន្តិសុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​យកចិត្តទុកដាក់ផងដែរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ខណៈនៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ​នឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដូច្នេះទេ ក្នុងនាម​គណៈ​បញ្ជាការ​ឯកភាពរាជធានីភ្នំពេញនឹងយកចិត្តទុកដាក់ការពារសន្តិសុខ ដើម្បីឱ្យដំណើ​រ​ការ​បោះឆ្នោត​នេះទទួលបានជោគជ័យ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោត​សរសើរ​ចំពោះ​ការ​អនុវ​ត្ត​ការងារ​របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានគាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​បទ​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានវិធាន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងលុប​បំបាត់​ល្បែង​ផ្សង​សំណាង​គ្រប់ប្រភេទដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងអបអរសាទរ។

ឯកឧត្ដម ម៉ប់ សារិន ក៏បានកោតសសើរផងដែរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈ​អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ដែល​បាន​រៀប​ចំ និងចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​អសកល​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន គ្មាន អំពើហិង្សា ការគំរាមគំហែង និង​សុវត្ថិភាពទាំងស្រុង តាំងពីមុនពេលយុទ្ធនាការឃោសនា ក្នុងពេល​យុទ្ធនា​ឃោសនា​បោះឆ្នោត​រហូត​ដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយទទួលបានជោគជ័យ និង​សូម​កោត​សសើរ​សមត្ថកិច្ចពាក់ព័ន្ធបានខិតខំអប់រំផ្សព្វផ្សាយ បង្ការទប់​ស្កាត់​អគ្គិភ័យ​នៅតាម​មូលដ្ឋាន​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួមចំនួន ៧.៣៣១នាក់ ធ្វើឱ្យគ្រោះថ្នាក់អគ្គិភ័យ​មាន​ការ​ថយចុះចំនួន​០៦​លើក​៕