Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិចតួចទេ តែរាប់លាននាក់ព្យាបាលនៅក្នុងប្រទេស

Media LNN | Mar 13, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិចតួចទេ តែរាប់លាននាក់ព្យាបាលនៅក្នុងប្រទេស
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ពលរដ្ឋខ្មែរ ទៅព្យាបាលនៅក្រៅប្រទេស មានចំនួនតិចតួចទេ តែប្រជាពលរដ្ឋដែលព្យាបាល នៅក្នុងប្រទេសមានចំនួនរាប់លាននាក់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះ គេចេះតែសួរថាកម្ពុជា ឃើញតែពង្រឹងវិស័យសុខាភិបាល ហេតុអីក៏ប្រជាជនខ្មែរ ទៅព្យាបាលនៅក្រៅច្រើនម្ល៉េះ ខ្ញុំថាទៅព្យាបាលនៅក្រៅ បើគិតជាភាគរយនៃប្រជាជន ដែលព្យាបាលរាប់លាននាក់ក្នុងស្រុកតិចទេ ពេទ្យនៅក្នុងស្រុកយើង ព្យាបាលមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រឿងលទ្ធភាពអ្នកចេញ ទៅព្យាបាលនៅក្រៅប្រទេស វាអត់មានអីចម្លែកទេ ព្រោះថា ប្រជាជនកាណាដា ក៏ទៅព្យាបាលនៅអាមេរិក ហើយប្រជាជនអាមេរិក ក៏ទៅព្យាបាលជំនាញមួយចំនួននៅប្រទេសក្រៅ ហើយប្រជាជនជប៉ុន ក៏មានដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្នជំនាញព្យាបាលមួយចំនួន ប្រពលរដ្ឋខ្មែរលែងទៅព្យាបាល នៅក្រៅប្រទេសហើយ មានតែអ្នកក្រៅមកព្យាបាលនៅក្នុងស្រុកវិញ ឧទាហរណ៍ដូចជា ការព្យាបាលធ្មេញជាដើម ឥលូវនេះ មិនមានអ្នកជិះយន្ដហោះ ទៅធ្វើធ្មេញនៅក្រៅប្រទេសនោះទេ ហើយការវះកាត់បេះដូង នៅកម្ពុជាក៏ខ្លាំងដូចគ្នា។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចចាំបានថា មានអ្នកជំងឺក្មេងម្នាក់ មកពីមន្ទីរពេទ្យនៃប្រទេសបារាំង ដែលវាយតម្លៃ សល់មិនដល់១០ភាគរយទេ នៃការវះកាត់ជោគជ័យ ប៉ុន្ដែគ្រូពេទ្យនៅកម្ពុជា បានវះកាត់ជោគជ័យ ដូច្នេះ ពីណាថាពេទ្យខ្មែរអន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ពេទ្យស្ម័គ្រចិត្ដកូរ៉េ បានកោតសរសើរទឹកដៃពេទ្យកម្ពុជា ដោយគាត់ថា ពេទ្យកម្ពុជាមានជំនាញទឹកដៃល្អណាស់ ខ្វះតែឧបករណ៍មិនទាន់ទំនើប ទាន់សម័យដូចគាត់ប៉ុណ្ណោះ ប៉ុន្ដែនៅកម្ពុជា ក៏មានឧបករណ៍ទំនើបមិនចាញ់កូរ៉េប៉ុន្មានដែរ គ្រាន់តែមិនទាន់មានឧបករណ៍ទំនើបចុងក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះហើយជាអ្វី ដែលរាជរដ្ឋាភិបាល បានកសាងជំនាញពេទ្យ ក្នុងរយៈពេល៤០ឆ្នាំនេះ គឺជាមោទនភាព ដែលការផ្តល់សេវា៩លាននាក់នេះ នឹងស្ថិតនៅក្នុងកណ្ដាប់ដៃ នៅក្នុងការទទួលខុសត្រូវ របស់អ្នកដែលមានសមត្ថភាព និងជួយជីវិត ដែលជាសេនារបស់ទេវតា ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ៕