Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល៦ខែ ក្រសួងការងារផ្តល់សេវាពិនិត្យកាយសម្បទាជូនកម្មករនិយោជិតខ្មែរបានជិត ៣០ម៉ឺននាក់

Media LNN | Mar 13, 2024
រយៈពេល៦ខែ ក្រសួងការងារផ្តល់សេវាពិនិត្យកាយសម្បទាជូនកម្មករនិយោជិតខ្មែរបានជិត ៣០ម៉ឺននាក់
Clinic narith

 

(ភ្នំពេញ)៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល៦ខែ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតខ្មែរតាមរយៈការពិនិត្យ និង​ផ្ដល់​វិញ្ញាបនបត្រពិនិត្យកាយសម្បទាសរុប២៨៦,២៥៤នាក់ ក្នុងនោះនិយោជិតជាស្រីមាន ១៩៧,៥៧៧ នាក់។

បន្ថែមពីនោះនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក៏​បាន​ផ្តល់​សេវា​បណ្តុះ​បណ្តាលស្តីពីសុខភាព និងសុវត្ថិភាពការងារដល់ប្រតិភូបុគ្គលិកចំនួន ១៤២៨នាក់ ក្នុង​នោះស្រីចំនួន៨២៩នាក់។ ក្រៅ​ពី​នោះ​នាយកដ្ឋាន​ពេទ្យការងារ​ក៏បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិតប្រតិភូបុគ្គលិក និងសហជីព តាម​បណ្តា​រោងចក្រ សហគ្រាស បន្ថែមផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ថា​ តាមរយៈសមិទ្ធផលការងារទាំងនេះឃើញ​ថា​សកម្មភាព​ការងារ​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​មានដំណើរការល្អ បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទី​ភារកិច្ច​ដែល​បាន​កំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​បាន​ខិតខំ​បង្កើន​សមត្ថភាពតាមរយៈការអនុវត្តការងារជាក់ស្តែង ការចូលរួមសិក្ខាសាលា និង​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​។

ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារដាក់​ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិត ហើយវាក៏ស្របតាម យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។

ឯកឧត្តមគូសបញ្ជាក់ថា កិច្ចការងារទាំងនោះរួមមាន៖

ទី១ ក្របខណ្ឌច្បាប់ និង​គោល​នយោបាយ​ស្តីពី​សុវត្ថិភាព និងសុខភាពការងារ មានភាពស៊ីសង្វាក់គ្នាស្របតាម បទដ្ឋានអន្តរជាតិ និង​ការ​អនុវត្ត​ប្រកប​ដោយប្រសិទ្ធភាព។

ទី២ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ដំណើរ​ការ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ និងការអភិវឌ្ឍសមត្ថភាព។

ទី៣ ការអនុវត្តន៍អនុលោមភាពទៅតាមច្បាប់ និងការធ្វើអធិការកិច្ចការងារផ្នែកសុវត្ថិភាព និង​សុខ​ភាព​ការងារ​ប្រកបដោយគុណវុឌ្ឍិ និងប្រសិទ្ធភាព។

ទី៤ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករនិយោជិត ស្តីពីសុវត្ថិភាព និង​សុខភាព​ការងារនៅក្នុងវិស័យក្នុងប្រព័ន្ធ ជាពិសេសនៅវិស័យដែលមានហានិភ័យខ្ពស់ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវបរិយាកាសការងារ និងបង្កើនផលិតភាពការងារ។

ទី៥ ការលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ នៅ​ក្នុង​សហ​គ្រាស​ខ្នាត​តូច និងមធ្យម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនៅតាមជនបទ ព្រមទាំងបង្កើនការយល់ដឹង អំពី​សុវត្ថិភាព និងសុខភាពការងារ។

ទី៦ ការលុបបំបាត់ពលកម្មកុមារ និងការងារដោយបង្ខំ សហប្រតិបត្តិការ ក្នុង​ការ​បង្ការ​មេរោគ​អេដស៍ ជំងឺអេដស៍ ការប្រើប្រាស់គ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ៕