កម្ពុជារកចំណូលបានជាង២០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទន្ទឺមនឹងការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូនៅដើមឆ្នាំ ក៏បានងើបឡើងបន្តិចផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា កត់សម្គាល់ឃើញថា នៅដើមឆ្នាំនេះ តម្លៃជ័រកៅស៊ូនៅកម្ពុជា ហាក់ងើបឡើងវិញបន្តិច បើធៀបនឹងចុងឆ្នាំ២០២៣ កន្លងទៅ ដោយជ័រកៅស៊ូល្អបច្ចុប្បន្នអាចលក់បានក្នុងតម្លៃចន្លោះពី១៤៥០ដុល្លារ ទៅដល់១៥០០ដុល្លារក្នុង១តោន។ តែយ៉ាងណាអ្នកជំនាញរូបនេះ អះអាងថា តម្លៃនេះនៅមិនទាន់អាចវិលទៅរកភាពល្អប្រសើរខ្លាំងដូចពេលមិនទាន់មានវិបត្តិសកលនោះទេ ពោលគឺតម្លៃនេះប្រហាក់ប្រហែលគ្នាទៅនឹងដើមឆ្នាំ២០២៣។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមខ្ពស់ និងរំពឹងថា តម្លៃជ័រកៅស៊ូរបស់កម្ពុជា នឹងងើបល្អប្រសើរឡើងវិញជាបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៤នេះ ក្រោយលោកមើលឃើញពីស្ថានភាពសេដ្ឋកិច្ចនៅលើទីផ្សារសកលលោក និងក្នុងតំបន់កំពុងមានកំណើនឡើងវិញ។
ស្របពេលដែល តម្លៃជ័រកៅស៊ូកម្ពុជា កំពុងមានសញ្ញាណងើបឡើងវិញការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ២ខែដំបូងដើមឆ្នាំ២០២៤នេះ កម្ពុជារកចំណូលពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនជាង២១៥លានដុល្លារ មានការកើនឡើង៩០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើននៃការនាំចេញនេះ ត្រូវបានលោក ម៉ែន សុភក្តិ អះអាងថា គឺដោយសារទីផ្សារប្រើប្រាស់កៅស៊ូធម្មជាតិ នៅតែមានតម្រូវការខ្ពស់ ខណៈចលនាពាណិជ្ជកម្មក្នុងវិស័យកៅស៊ូនៅតែមាននិរន្តភាព។
សូមជម្រាបថា ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។ គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូ កសិ-ឧស្សាហកម្ម មានជាង៤ម៉ឺន៦ពាន់ហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង១៨ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៨ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូមានប្រមាណ៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា៕