Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាអនុញ្ញាតឱ្យចិន សិក្សាគម្រោងសង់ផ្លូវរថភ្លើងក្រោមដី និងរថភ្លើងធុនស្រាលភ្ជាប់ភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ

Media LNN | Mar 18, 2024
កម្ពុជាអនុញ្ញាតឱ្យចិន សិក្សាគម្រោងសង់ផ្លូវរថភ្លើងក្រោមដី និងរថភ្លើងធុនស្រាលភ្ជាប់ភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ
Clinic narith

 

(ភ្នំពេញ)៖ ក្រុមហ៊ុនជំនាញផ្លូវដែករបស់ចិនចំនួនពីរទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សា​លើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង​ព្រ​លាន​​យន្តហោះអន្តរជាតិតេជោ។

បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យសិក្សាលើគម្រោងដ៏មានសារៈសំខាន់ខាងលើនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​ជួបជាមួយស្ថាប័នពាក់ព័ន្ធឈានទៅសិក្សាគម្រោង។

នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានចូលរួមកិច្ចប្រជុំជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល លោក នួន ផា​រ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង​ក្រុម​ហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូក្រុម​ហ៊ុនចិនទាំងពីរប្រកបដោយក្តីសោមនស្សរីករាយបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសរំលេចថា ការរៀបចំប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ គឺជាកិច្ចការដ៏សំខាន់ ហើយ​ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង​ក្នុង​នីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាធ្លាប់បានអនុញ្ញាតឱ្យមានការសិក្សាជាច្រើនពាក់ព័ន្ធការដឹក​ជញ្ជូននេះ រួមមានការធ្វើរថភ្លើងលើអាកាស ដែលសិក្សាដោយចៃការបស់ជប៉ុនផងដែរ។ ប៉ុន្តែសម្តេច​តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ខ្ពស់លើការធ្វើផ្លូវរថភ្លើងក្រោមដី​ច្រើន​ជាង។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាល​តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់​សម្រួលការធ្វើដំណើរគ្រាដែលការចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែកកស្ទះ។ លោកបន្តថា ការធ្វើ​ផ្លូវ​រថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលភ្ជាប់រវាងភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិ​តេជោ បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងផ្នែកបរិស្ថានថែមទៀតផង។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំក្រុមហ៊ុនទាំងពីររបស់ចិន ធ្វើការផ្ទាល់ជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សាឱ្យបានលឿន ដើម្បីដាក់ជូន​រាជរដ្ឋាភិបាលពិនិត្យ។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ក្រុមហ៊ុន​ចិន​ទាំងពីរ ដើម្បីការសិក្សាបានលឿនរហ័ស។

ក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រា គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍យូរឆ្នាំលើការសាងសង់​ផ្លូវដែក។ ក្រុមហ៊ុនមិនត្រឹមតែបានចូលរួមអភិវឌ្ឍន៍ផ្លូវដែកក្នុងប្រទេសចិនប៉ុណ្ណោះ តែក៏បានសាងសង់ផ្លូវ ដែកនៅតាមបណ្តាប្រទេសនានាជាច្រើនផងដែរ។

តំណាងក្រុមហ៊ុនបានសម្តែងក្តីរីករាយចំពោះឱកាសបានសិក្សាគម្រោងធ្វើឱ្យប្រសើរប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ក៏ដូចជាការតភ្ជាប់ប្រព័ន្ធដឹកជាមួយព្រលានយន្តហោះអន្តរជាតិតេជោ។ តំណាងក្រុមហ៊ុន បានប្រកាសថា ជាមួយបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុន គឺក្រុមហ៊ុននឹងប្រឹងប្រែងឱ្យអស់លទ្ធភាព​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ប្រមូលយកលទ្ធផលសិក្សាដ៏ល្អមួយលើគម្រោងខាងលើនេះ ជូន​រាជ​រដ្ចាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ក៏មានការចូលរួមជាមតិយោបល់ជាច្រើនពីសំណាក់តំណាងក្រសួង និង​អាជ្ញា​ធរពាក់ព័ន្ធ។ ក្នុងនោះអភិបាលខេត្តកណ្តាល និងអភិបាលរងរាជធានីភ្នំពេញ បានប្រកាសត្រៀមខ្លួនផ្តល់​កិច្ច​សហការគ្រប់ពេលវេលាជាមួយក្រុមហ៊ុន ដើម្បីសម្រេចលទ្ធផលបានឆាប់រហ័ស៕