Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងផែនការបង្កើនសមត្ថភាពមន្រ្ដី ដើម្បីគ្រប់គ្រង វិភាគ និងប្រមូលទិន្នន័យសម្រាប់ជាតិ

Media LNN | Apr 09, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងផែនការបង្កើនសមត្ថភាពមន្រ្ដី ដើម្បីគ្រប់គ្រង វិភាគ និងប្រមូលទិន្នន័យសម្រាប់ជាតិ
Clinic narith

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងផែនការ ត្រូវបង្កើនការពង្រឹងសមត្ថភាពមន្រ្ដីរបស់ខ្លួន ដើម្បីអនុវត្តកិច្ចការងារ គ្រប់គ្រង វិភាគ និងប្រមូលទិន្នន័យសម្រាប់ការអភិវឌ្ឍជាតិឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានប្រសិទ្ធភាពល្អ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងផែនការមានតួនាទីសំខាន់ ធ្វើជាសេនាធិការដ្ឋាន​របស់​រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការ​វិនិយោគសាធារណៈ ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហារូបត្ថម្ភ ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិជាដើម។

សម្តេចធិបតី បានបន្តថា ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារ ​ក្នុងកិច្ចការងារអន្តរជាតិជាច្រើនទៀត ដូចជាការងារគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព ការងារពង្រឹង និងតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទ​អន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ និងការងាររៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុម​ប្រទេសអភិវឌ្ឍន៍​តិចតួចផងដែរ។

សូមជម្រាបថា ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​ លើវិស័យផែនការ ស្ថិតិ សម្របសម្រួល ​និងគ្រប់គ្រង ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ ​ក្រសួងផែនការក៏បាននឹងកំពុងពង្រឹងការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិជាមួយ និង​បណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកជាទ្វេភាគី​ និងជាពហុភាគី និងបានគិតគូបង្កើតយន្តការ​សម្របសម្រួល​ការងារសហប្រតិបត្តិការត្បូង-ត្បូង​ និងត្រីកោណ។

ក្រសួងផែនការក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​របស់ក្រសួងផែនការ ​ដើម្បីប្រមូលផ្ដុំគ្រប់គ្រងលើទិន្នន័យច្រើនប្រភេទ​កំពុង​នៅរាយប៉ាយគ្នាដែលកំពុងផ្ទុក ​និងបង្ហោះដោយក្រុមហ៊ុនឯកជន​ និងស្ថាប័នដ៏ទៃ មានដូចជា ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ​ទិន្នន័យមូលដ្ឋានថ្នាក់ក្រោមជាតិ ទិន្នន័យជំរឿន អង្គេត CAMSTAT ជាដើម៕