ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ចំពោះឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុអាស៊ីត ស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការ លេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
ក្រសួងបរិស្ថានបានបានអះអាងថា បានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដើម្បីឆ្លើយតបចំពោះឧបទ្ទវហេតុនេះ ដោយបានចាត់ក្រុមការងារជំនាញចុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ និងយកសំណាកទឹកមកធ្វើកាវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅក្នុងទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ តាមរយៈគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈ ចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គ ជាបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី ស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០តោន ធ្លាក់ចូលស្ទឹងណាមខាន់។ ស្ទឹងនេះ ហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងព្រះបាង ហើយមានចំងាយប្រមាណ ១ ៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ៕