Alynana Media Cambodia
Icon Collap
clinic narit

តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ឆ្នាំនេះ

Media LNN | Apr 10, 2024
តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ឆ្នាំនេះ
Clinic narith

តម្លៃអង្ករសកលត្រូវបានគេព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី២ឆ្នាំ២០២៤ ក្រោយផលិតកម្មស្រូវរងការរំខានដោយសារបាតុភូត អែលនីណូ គូបផ្សំឥណ្ឌាបន្តរឹតត្បិតលើការនាំចេញអង្ករ ក្រោមហេតុផលដើម្បីរក្សាសន្តិសុខស្បៀង។ ក្រោយឥណ្ឌារឹតបន្តឹងការនាំចេញកាលពីឆ្នាំ២០២៣ បានជំរុញឱ្យតម្លៃអង្ករសកលហក់ឡើងយ៉ាងគំហុក។

លោក ឈូកៀត អូផាសវង់សេ (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បានព្យាករថា តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ នឹងបន្តកើនឡើងកាន់តែខ្ពស់នៅក្នុងត្រីមាសទី២ឆ្នាំ២០២៤។ ការព្យាករបែបនេះ ធ្វើឡើងក្រោយលោកមើលឃើញថា បាតុភូតអែលនីណូ បាននិងកំពុងបង្កផលប៉ះពាល់ដល់ផលិតកម្មស្រូវរបស់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងលើពិភពលោក គួបផ្សំឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោកបន្តអនុវត្តវិធានការរឹតបន្តឹងការនាំចេញ។

យ៉ាងណាក៏ដោយរូបនេះព្យាករថា ការនាំចេញអង្កររបស់ថៃនៅក្នុងត្រីមាសទី២ឆ្នាំនេះអាចនឹងមានការថមថយដោយសារការប្រកួតប្រជែងកាន់តែខ្លាំង ខណៈវៀតណាមដល់ពេលប្រមូលផលស្រូវ។ នៅក្នុងត្រីមាសទី១កន្លងទៅ ថៃសម្រេចបានការនាំចេញអង្ករជាង២លាន៥សែនតោន ដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ក៏ដូចជាទៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។

តាមរយៈលទ្ធផលនេះបានធ្វើឱ្យអ្នកជំនាញរូបនេះរំពឹងថា ការនាំចេញអង្កររបស់ថៃនៅឆ្នាំនេះទំនងជានឹងឈានដល់៨លានតោនជាមួយនឹងតម្លៃប៉ាន់ស្មានជាង១ពាន់លានដុល្លារ គឺកើនលើសការព្យាករកាលពីខែមុន ដែលរំពឹងសម្រេចបានជិត៧.៥លានតោនជាមួយនឹងតម្លៃប៉ាន់ស្មានជាង៩១០លានដុល្លារ​។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា តម្លៃអង្ករធម្មតារបស់ថៃមានតម្លៃ៦០១ដុល្លារក្នុងមួយតោន ខណៈដែលតម្លៃអង្ករនៅប្រទេសវៀតណាមមានតម្លៃចន្លោះពី៥៨២-៥៨៦ដុល្លារក្នុងមួយតោន ហើយនៅប៉ាគីស្ថានមានតម្លៃចន្លោះពី៦០៥-៦០៩ដុល្លារក្នុងមួយតោន៕