ហ្សាកាតា៖ ភ្នំភ្លើង រ៉ង (Ruang) នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានផ្ទុះជាច្រើនដង ដោយបានបញ្ចេញផ្សែង និងកម្អែភ្នំភ្លើង ចំនួន២ថ្ងៃជាប់ៗគ្នា។
អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន ដល់ចំណុចខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីវាបានបញ្ចេញផ្សែងហុយទៅលើមេឃ កម្ពស់ជាង១៥០០ម៉ែត្រ ហើយអាជ្ញាធរបានបង្ខំឲ្យមនុស្សប្រមាណ៨០០នាក់ ភៀសខ្លួនចេញពីក្នុងភូមិ។
ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ភ្នំភ្លើង ដែលមានទីតាំងនៅក្នុងខេត្ត Sulawesi ខាងជើងមួយនេះ បានផ្ទុះឡើង ជាលើកដំបូង នៅម៉ោង ជិត១០យប់ ថ្ងៃអង្គារ និងបួនដង ពេញមួយថ្ងៃពុធ ម៉ោងនៅឥណ្ឌូនេស៊ី។
ពុំទាន់មានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ និងរបួសនៅឡើយទេ គិតត្រឹមយប់ថ្ងៃពុធ។
ទីភ្នាក់ងារភ្នំភ្លើងបានឲ្យដឹងថា មុនពេលផ្ទុះលើកនេះ ភ្នំភ្លើងដែលមានកម្ពស់ ៧២៥ ម៉ែត្រ ពីលើនីវ៉ូ ទឹកសមុទ្រ មួយនេះ បានរញ្ជួយដីចំនួនពីរដង កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅ៕ ប្រភពពី AFP