ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នៅសល់រយៈពេលប្រហែល ១ ខែទៀតប៉ុណ្ណោះខេត្ដ កណ្ដាល និងខេត្ដកំពង់ចាម នឹងបញ្ចប់ការចុះបញ្ជីដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅភូមិសាស្ដ្ររបស់ខ្លួនហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខេត្ដកណ្ដាលនេះប្រហែល ១ ខែទៀតអស់ហើយ វាស់ចប់អស់១ខេត្ដកណ្ដាលតែម្ដង។ ហើយបើកំពង់ចាម គាត់ថា ១ ខែទៀតអាចអស់ដែរហើយ។ អុីចឹងឥឡូវនេះយើងចាប់ផ្ដើមឃើញខេត្ដដែលវាស់បញ្ចប់់ហើយ»។
ឯកឧត្ដមបន្ថែមថា គិតមកដល់ពេលនេះក្រសួងបានចុះបញ្ជីសរុបចំនួន ៧ លានក្បាលដីហើយ ហើយបច្ចុប្បន្ននៅសល់ប្រមាណ ៥ លានក្បាលដីទៀត។ ប៉ុន្ដែរយៈពេល ៦ កន្លងមកនេះក្រសួងបានចុះវាស់វែងបានល្បាក់ ១ លានក្បាលដីទៀតផងដែរ ដូច្នេះសល់សរុបប្រមាណ ៤ លានក្បាលដីទៀតតែប៉ុណ្ណោះ។
ក្នុងនោះឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏បានប្ដេជ្ញាចិត្ដថានឹងធ្វើការវាស់វែង និងចុះបញ្ជីដីធ្លីនេះឲ្យចប់មុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីដំបូងជូនប្រជាពលរដ្ឋផងដែរ៕