(កំពង់ឆ្នាំង)៖ ក្រោយពីមានបទបញ្ជាអោយការពារដីព្រៃពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមក ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញលិខិតលេខ២៣៦/២៤សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីការពារដីព្រៃរបស់រដ្ឋឡើងវិញ។
ក្នុងលិខិតខាងលើ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលមកកាន់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ចាប់តាំងពីឆ្នាំ២០១៩មក ដែលអំពើនេះជាការបំផ្លិចបំផ្លាំធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ករណីនេះរដ្ឋបវាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការជាបន្តបន្ទាប់ តែប្រជាពលរដ្ឋនៅតែបន្តការកាប់គាស់រុករានទន្ទ្រានដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុព័ទ្ធ និងទាមទារស្នើសុំអោយអាជ្ញាធរវាស់វែងដើម្បីបានប្រើប្រាស់អាស្រ័យផលស្របច្បាប់។
យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមណែនាំ និងចាត់វិធានការច្បាប់ដូចខាងក្រោម៖ មោឃភាពចោលនូវរាល់លិខិតលក់ទិញ ឬលិខិតបញ្ជាក់ការកាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ។ ដកហូតមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃដែលបានកាប់គាស់ រុករានទន្ត្រានដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុព័ទ្ធក្នុងតំបន់ការពារធម្មជាតិ។ ការកាប់គាស់រុករានដីព្រៃ ដុតព្រៃសង់ផ្ទះ សង់តូប រោង ធ្វើរបងហុំព័ទ្ធដើម្បីយកដីជាកម្មសិទ្ធក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងមាត្រា៦១និង៦២នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ត្រូវជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់រានទន្ត្រានដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោង ធ្វើរបងហុំព័ទ្ធក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំអ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅ កាន់កាប់ ដោយត្រូវរុះរើដោយវិធានការរដ្ឋបាល ឬដោយការស្ម័គចិត្ត។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារខាងលើ កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក នឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕