នៅត្រីមាសទី១ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណូលសរុបជាង៨លានដុល្លារកើនឡើង៧% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា កត្តាដែលជំរុញឱ្យប្រាក់ចំណូលកំពង់ផែនេះកើនឡើង គឺដោយសារសកម្មភាពដឹកទំនិញចេញចូលរបស់កំពង់ផែនេះ មានសកម្មភាពមមាញឹកច្រើននៅដើមឆ្នាំនេះ ជាពិសេសការនាំចេញទំនិញកសិកម្មកម្ពុជា ទៅក្រៅប្រទេសតែម្តង។
របាយការណ៍ពុំទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា នៅក្នុងរយៈពេល ៣ខែដំបូងដើមឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង៨លានដុល្លារ មានការកើនឡើងប្រមាណ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង៧លាន៥សែនដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះប្រាក់ចំណូលបានពីប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង៦លាន៥សែនដុល្លារ កើនឡើង១២% ខណៈចំណូលពីអាជ្ញាធរផែ សម្រេចបានជាង១លាន៣សែនដុល្លារកើនឡើង១៤%។
ជុំវិញរឿងនេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា បានបង្ហាញការសាទរចំពោះការកើនឡើងនូវប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនេះ និងបានវាយតម្លៃថា កត្តាសំខាន់ដែលជំរុញឱ្យប្រាក់ចំណូលរបស់កំពង់ផែនេះមានការកើនឡើង គឺដោយសារសម្មភាពនាំចេញនាំចូលទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ជាពិសេសគឺការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា ទៅទីផ្សារនៅក្នុងតំបន់តែម្តង។
មិនខុសគ្នានោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ដោយសារកម្ពុជា ទទួលបានបានគម្រោងវិនិយោគថ្មីៗជាច្រើននាពេលកន្លងទៅនេះ វាបានជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ក៏មានការកើនឡើងដូចគ្នាផងដែរ។ ដែលកត្តានេះហើយបានធ្វើឱ្យសកម្មភាពដឹកជ្ជូនទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ មានភាពមមាញឹកជាងមុន និងបានធ្វើឱ្យចំណូលរបស់កំពង់ផែទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២៤នេះ មានការកើនឡើងយ៉ាងដូច្នេះ។
សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ប្រមាណជាង៩ម៉ឺន៣ពាន់ TEUs មានការកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែនេះវិញ គឺមានប្រមាណជាង៩៨ម៉ឺនតោន កើនឡើងជាង៤% ខណៈបរិមាណនាវាឆ្លងកាត់សរុបវិញ គឺទទួលបានចំនួន៥៦២គ្រឿង មានការថយចុះជាង៣៨% ប៉ុន្ដែសម្រាប់បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់កំពង់ផែនេះវិញ គឺមានចំនួន២៤១គ្រឿង កើនឡើងជាង៣៧%៕