របាំងពន្ធដែលរដ្ឋាភិបាលអាម៉េរិក បានដាក់សម្ពាធលើមហាយក្សចិន តាំងពីជំនាន់លោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន នៅមិនទាន់អាចរាំងខ្ទប់លំហូរផលិតផលចិន មិនឱ្យចូលទីផ្សាររបស់ខ្លួនបាននៅឡើយទេ។ អ្នកជំនាញបានអះអាងថា សូម្បីតែជញ្ជំាងពន្ធថ្មីរបស់លោកចូ បៃដិន ដែលគ្រោងដាក់លើចិន នាពេលខាងមុខនេះ ក៏អាចប្រឈមនឹងការលេចធ្លាយតាមរយៈប្រទេសដៃគូ ដែលទទួលបានការអនុគ្រោះផ្សេងៗពីសហរដ្ឋអាម៉េរិក ជាពិសេសគឺប្រទេសម៉ិកស៊ិក និងវៀតណាមតែម្តង។
សារព័ត៌មានធំៗបានចុះផ្សាយថា កញ្ចប់របាំងពន្ធថ្មីរបស់រដ្ឋបាលលោក ចូ បៃដិន ដែលមានបំណងរាំងខ្ទប់ការហូរចូលយានយន្តអគ្គិសនី និងផលិតផលយុទ្ធសាស្ត្រផ្សេងទៀតរបស់ចិន សំដៅជួយការពារផលិតកម្មរបស់ក្រុមហ៊ុនផ្សេងៗនៅសហរដ្ឋអាម៉េរិក នឹងមិនមានប្រសិទ្ធភាពនោះឡើយ ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែបន្តផ្តល់លក្ខខណ្ឌអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសផ្សេងៗ។
អ្នកជំនាញអាម៉េរិក ជឿជាក់ថា មកទល់ពេលនេះទំនិញចិនជាច្រើននៅតែបន្តការហូរចូលមកកាន់សហរដ្ឋអាម៉េរិក តាមរយៈប្រទេសម៉ិកស៊ិក និងវៀតណាម ដូច្នេះរបាំងពន្ធថ្មីរបស់អាម៉េរិក ដែលគ្រោងដាក់ចេញនាពេលខាងមុខ អាចជំរុញឲ្យចិន ពន្លឿនការផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសម៉ិកស៊ិក វៀតណាម និងកន្លែងផ្សេងទៀត ដើម្បីជ្រៀតចូលទីផ្សារសហរដ្ឋអាម៉េរិក។
មន្ត្រីអាម៉េរិក និងអ្នកជំនាញពាណិជ្ជកម្មបាននិយាយថា បើគ្មានកិច្ចខិតខំប្រឹងប្រែងហ្មត់ចត់ក្នុងការកាត់ផ្តាច់ទំនិញចិនឆ្លងដែន ឬពីម៉ិកស៊ិក និងប្រទេសដទៃទៀតទេនោះ ផលិតផលចិននឹងនៅតែស្វែងរកផ្លូវចូលទៅក្នុងទីផ្សារសហរដ្ឋអាម៉េរិកបានដដែល។
លោក អេសវ៉ា ប្រាសាដ ( Eswar Prasad ) សាស្ត្រាចារ្យគោលនយោបាយពាណិជ្ជកម្មនៅសកលវិទ្យាល័យ Cornell និងជាអតីតនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំនៅប្រទេសចិន បាននិយាយថា ពន្ធថ្មីអាចរឹតត្បិតលើការនាំចូលពីប្រទេសចិនដោយផ្ទាល់ ដែលកត្តានេះនឹងជំរុញឱ្យចិនរកច្រកនាំចូលទំនិញរបស់ខ្លួនតាមរយៈបណ្តាប្រទេសនានាដែលមិនស្ថិតនៅក្រោមរបាំងពន្ធអាម៉េរិក។
អ្នកជំនាញរូបនេះបានអះអាងថា ប្រទេសម៉ិកស៊ិក និងវៀតណាម បានទទួលផលប្រយោជន៍ពីការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដោយសារតែការចំណាយទាប និងភាពជិតស្និទរបស់ពួកគេជាមួយនឹងអាម៉េរិក។ ជាក់ស្តែងនៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ប្រទេសម៉ិកស៊ិក បានវ៉ាដាច់ប្រទេសចិនក្លាយជាប្រភពនាំចូលកំពូលទៅកាន់សហរដ្ឋអាម៉េរិក ក្រោយសម្រេចបានការនាំចេញរហូតដល់ជាង១១៥ពាន់លានដុល្លារ ខណៈចិននាំចូលមានតម្លៃត្រឹម១០០ពាន់លានដុល្លារតែប៉ុណ្ណោះ។
ស្ថិតនៅក្នុងស្ថានភាពបែបនេះ អ្នកជំនាញអាម៉េរិក ជឿជាក់ថា ម៉ិកស៊ិកអាចនឹងក្លាយជាមជ្ឈមណ្ឌលទទួលទំនិញចិន ហើយបញ្ជូនបន្តមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក ពីព្រោះតួលេខនាំចេញថ្មីរបស់ប្រទេសនេះបានបង្ហាញពីអត្រាកំណើននាំចេញដែក និងផលិតផលយុទ្ធសាស្រ្តជាច្រើនទៀត។ តាមការរំពឹងទុក អាម៉េរិក នឹងបង្កើនពន្ធលើរថយន្តអគ្គីសនីចិនរហូតដល់ជាង១០០% ផលិតផលអេឡិចត្រូនិក និងបន្ទះសូឡាថាមពលអគ្គិសនីអាចនឹងដំឡើង៥០% សារធាតុរ៉ែផ្សេងៗអាចនឹងដំឡើង១៥%៕