Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន ស្នើទៅរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្លឿនបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

Media LNN | May 16, 2024
សម្តេចតេជោ ហ៊ុន សែន ស្នើទៅរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្លឿនបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»
Clinic narith

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានស្នើដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យពន្លឿនការងារបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់ ដោយមិនត្រូវរង់ចាំអ្វីតទៅទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រញាប់សាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការគិតគូរដល់សេដ្ឋកិច្ចជាតិ និងបញ្ចប់នូវសាធារណៈមតិនានា ដែលពាក់ព័ន្ធនឹងព្រែកជីកនេះ។

ការថ្លែងរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើឡើងក្នុងតាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំផ្តល់មតិទៅនាយករដ្ឋមន្ត្រីថ្មី ទៅរាជរដ្ឋាភិបាល កុំយប់យល់សុបិនច្រើន បើបើកការដ្ឋានឆាប់ គឺធ្វើទៅ កុំរង់ចាំអីទៀត នាំមានសាធារណៈមតិ ពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់ផ្តើមកើនសារជាថ្មី។ ជំរុញបើកការដ្ឋានឱ្យបានឆាប់ ធ្វើទៅ គ្មានត្រូវរង់ចាំអ្វីតទៅទៀតទេ យើងត្រូវគិតដល់សេដ្ឋកិច្ចរបស់យើង ត្រូវគិតដល់ឯករាជ្យភាពរបស់យើង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនឧត្តមភាពនៃការប្រកួតប្រជែង ទីផ្សារផលិតផលផលិតនៅកម្ពុជា តាមរយៈការកាត់បន្ថយថ្លៃដឹកជញ្ជូន ហើយព្រែកជីកនេះ ក៏នឹងជួយជាប្រព័ន្ធស្រោចស្រប់ នៅភាគនិរតី ប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ជាពិសេសនឹងជួយរំដោះទឹកជំនន់ ពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ ពីការធ្វើទេសចរណ៍។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នាឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងសាងសង់ «ព្រែកជីកហ្វូណន​តេជោ» ដែលជា​គម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុត គឺនៅឆ្នាំ២០២៥។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបានប្រសិទ្ធនាមថា គម្រោង «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕