ក្រោយរដ្ឋបាល លោក ចូ បៃដិន ប្រកាសកំណត់ពន្ធលើទំនិញនាំចូលតម្លៃ១៨ពាន់លានដុល្លាររបស់ចិនកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន កំពុងរៀបចំវិធានការ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ស្របពេលសម្ពាធប្រហាក់ប្រហែលគ្នានេះ ក៏កំពុងកើតមានឡើងរវាងចិន និងសហភាពអឺរ៉ុប ផងដែរ។ បញ្ហានេះកំពុងដាក់សម្ពាធថ្មីបន្ថែមទៀតដល់អ្នកវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់ចិន។ តើការធ្វើពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងរវាងចិនជាមួយសហភាពអឺរ៉ុបមានស្ថានភាពបែបណា?
មហាយក្សចិន កំពុងស្ថិតក្នុងដំណាក់កាលនៃសម្ពាធពាណិជ្ជកម្មថ្មីមួយបន្ថែមទៀត ដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ក្រុមអ្នកជំនាញការសេដ្ឋកិច្ចចិន នៅពេលនេះ កំពុងរៀបចំយុទ្ធសាស្រ្តដោយប្រយ័ត្នប្រយែង ដើម្បីឆ្លើយតបនឹងការប្រកាសយកពន្ធលើទំនិញនាំចេញរបស់ចិន ដែលមានតម្លៃប្រមាណ១៨ពាន់លានដុល្លារ ដែលលោក ចូ បៃដិន ទើបចុះហត្ថលេខាកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ ចិនក៏កំពុងរៀបចំវិធានការដើម្បីទប់ទល់នឹងសម្ពាធរបស់សហភាពអឺរ៉ុប ដែលមិនព្រមដកថយពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន ក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងបន្ទះសូឡាជាដើម។
ការប្រយ័ត្នប្រយែងក្នុងការឆ្លើយតបនឹងវិធានការរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបនេះ ដោយសារអ្នកជំនាញការសេដ្ឋកិច្ចចិន បារម្ភថា ទំហំនិងវិធានការឆ្លើយតបរបស់ចិន អាចនឹងធ្វើឲ្យសេដ្ឋកិច្ចចិន ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ស្ថិតនៅមាត់ជ្រោះនៃបញ្ហាបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគបានលើកឡើងថា ការដែលអ្នកជំនាញការចិន មានប្រុងប្រយ័ត្ន ដោយសារពួកគេបារម្ភថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់សម្ពាធដល់សហភាពអឺរ៉ុប ឱ្យអនុវត្តតាមការបង្ក្រាបលើការនាំចេញបច្ចេកវិទ្យាស្អាតរបស់ចិន ខណៈដែលសហភាពអឺរ៉ុបនៅពេលនេះ កំពុងស៊ើបអង្កេតលើឧស្សាហកម្មរថយន្តអគ្គិសនី បន្ទះស្រូបថាមពលព្រះអាទិត្យ តួប៊ីនបង្កើតថាមពលដោយខ្យល់របស់ចិន បច្ចេកវិទ្យាផ្លូវដែក និងឧបករណ៍សន្តិសុខ។
លោក ហេនរី ហយយ៉ាវ វ៉ាង ( Henry Huiyao Wang) អតីតមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន និងសកលភាវូបនីយកម្ម ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិន មានមូលដ្ឋានសីលធម៌ខ្ពស់ ដូច្នេះប្រទេសចិន កំពុងតែគិតគូរយ៉ាង ប្រុងប្រយ័ត្នអំពីបញ្ហាថ្មីៗនេះ។ លោកជឿជាក់ថា ការកំណត់ពន្ធវាយបកគ្នាទៅវិញទៅមករវាងសហរដ្ឋអាម៉េរិក និងចិននេះ ពិតជាអាចធ្វើឱ្យប៉ះពាល់ទាំងសហរដ្ឋអាម៉េរិក ចិន និងពិភពលោក ដូច្នេះលោកគិតថា ចិនទំនងជាប្រកាន់យកតម្លៃនៃសីលធម៌ និងផលប្រយោជន៍ពិភពលោកជាធំ។
ដោយឡែក លោក បេនចាមីន កូសហ្សាវ៉ា ( Benjamin Kostrzewa) អតីតមន្ត្រីពាណិជ្ជកម្មនៅក្នុងរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា បាននិយាយថា ទីក្រុងប៉េកាំង អាចកំពុងស្វែងរកចំណុចដែលរសើបនឹងឈឺចាប់បំផុត វាយបកទៅអាម៉េរិក ដើម្បីបង្ហាញថា ខ្លួនកំពុងឈរនៅចំពោះមុខសហរដ្ឋអាម៉េរិកដោយមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន៕