Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប

Media LNN | May 23, 2024
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញក្តីសោមនស្ស ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» នាថ្ងៃនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ និង ជាវឌ្ឍនភាពដ៏សំខាន់ ក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេស ពាក់ព័ន្ធការគាំពារសុខភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ធនធានមនុស្សនៅតែជាកិច្ចការសំខាន់។ មូលធនមនុស្ស នៅតែជាគន្លឹះក្នុងការកសាងជាតិ ហើយសុខភាពគឺជាចំណែកមួយក្នុងការកសាងមូលធនមនុស្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើនតែទំនើបកម្មសេវាសុខាភិបាល ហើយពលរដ្ឋទទួលមិនបាន គឺគ្មានតម្លៃនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនើបកម្មសុខាភិបាល មិនអាចមានតែនៅភ្នំពេញនោះទេ គឺត្រូវតែរុញដល់ទីជនបទ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគិតគូរលទ្ធភាពឱ្យពលរដ្ឋទទួលបានសេវាសុខាភិបាល ជាមួយតម្លៃសមរម្យ គឺជារឿងចាំបាច់។

* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយជិត ៦០០លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ជំនួបជាមួយភ្ញៀវបរទេស សម្តេចមិនរំលងនោះឡើយជជែកពីវិស័យសុខាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» គឺជាការបោះជំហានដ៏ស្វាហាប់ ប្រកបដោយមោទនភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានដាក់ចេញផែនការច្បាស់លាស់ណាស់ ដើម្បីធានាបានថា មិនទុកពលរដ្ឋណាចោល ដោយមិនបានគិតគូរពីបញ្ហាសុខភាពរបស់ពួកគាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» បានកំណត់គោលដៅជាក់លាក់ចំនួន៣ រួមមាន៖ ១) ការពង្រីកវិសាលភាពនៃការ​គ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃពលរដ្ឋសរុប, ២) ការបង្កើនសន្ទស្សន៍គ្របដណ្ដប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាងហោច ៨០ភាគរយ, និង៣) ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេវាសុខាភិបាលត្រូវតែឡើងថ្លៃទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឱ្យលុយប្រជាពលរដ្ឋចេញពីហោប៉ៅខ្ពស់ពេក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋមិនអាចរស់បានឡើង បើគ្មានលទ្ធភាពទទួលសេវាសុខាភិបាលទេនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយជំនួយសង្គម គឺជាកិច្ចការដែលរាជរដ្ឋាភិបាលគិតគូរ និងធ្វើ២០ឆ្នាំមកហើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនមេបក្សកម្លាំងជាតិ ដោយសារតែការផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើកម្មវិធីជាតិជំនួយសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋ៤លាន ៧សែននាក់ ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិ ដូចការមូលបង្កាច់របស់លោក ស៊ុន ចន្ទី លើកឡើងនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តច្បាប់ចំពោះលោក ស៊ុន ចន្ទី គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលលើការអនុវត្តច្បាប់ ត្រូវប្រាប់ទៅក្រុមប្រឆាំង កុំឱ្យប្រព្រឹត្តខុសច្បាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើក្រុមក្មេងទំនើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយគ្មានការលើកលែងនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំសមត្ថកិច្ចរឹតបន្តឹងការដាក់ដាវសាំរ៉ៃតាមខ្លួនរបស់ក្មេងៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនប្រកាន់ក្រមសីលធម៌ជីវិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រួមគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ ឱ្យបាន សម្រេចជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្ដិ និងផែនការយុទ្ធសាស្ត្រលម្អិត, ក៏ដូចជា យន្តការតាមដាន និង វាយតម្លៃជាប្រចាំ អំពីវឌ្ឍនភាព និង បញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលយុទ្ធសាស្ត្រពាក់ព័ន្ធ ឱ្យបានសមស្រប, ទាន់ពេល និងចំទិសដៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អ តាមការគ្រោងទុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, បន្តដឹកនាំ, តម្រង់ទិស និង សម្របសម្រួលការអនុវត្តផែនទីបង្ហាញផ្លូវនេះ តាមរយៈយន្តការអនុគណៈកម្មការទទួលបន្ទុក ការគ្របដណ្តប់សុខភាពជាសកល ដែលនឹងត្រូវបង្កើតឡើង ដូចត្រូវបានកំណត់ក្នុងយន្តការអភិបាលកិច្ចនៃផែនទីបង្ហាញផ្លូវនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសុខាភិបាល, ក្រុមការងារបច្ចេកទេស អន្តរក្រសួង និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចំពោះការដឹកនាំសម្របសម្រួល ក្នុងការធ្វើឱ្យ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥» ដែលជាឯកសារមគ្គុទេសក៍ដ៏មានសារៈសំខាន់សម្រាប់ប្រជាជាតិខ្មែរនេះ លេចចេញជារូបរាងឡើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៤០នាទី៕