Alynana Media Cambodia
Icon Collap
clinic narit

តើពិភពលោកចាប់អារម្មណ៍នឹងព្រឹត្តិការណ៍អ្វីខ្លះនៅអាស៊ីប៉ាស៊ីហ្វិកនៅក្នុងរយៈពេល១២ខែកន្លងមកនេះ?

Media LNN | May 30, 2024
តើពិភពលោកចាប់អារម្មណ៍នឹងព្រឹត្តិការណ៍អ្វីខ្លះនៅអាស៊ីប៉ាស៊ីហ្វិកនៅក្នុងរយៈពេល១២ខែកន្លងមកនេះ?
Clinic narith

នៅក្នុងរយៈពេល១២ខែកន្លងមកនេះ ពិភពលោកបានផ្ទុះការចាប់អារម្មណ៍លើបញ្ហារបត់នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសចំនួន៨ ដោយក្នុងនោះរួមទាំងកម្ពុជាផងដែរ។ ក្រៅពីបញ្ហានេះ មេដឹកនាំនៅលើពិភពលោក ក៏បានផ្តោតការចាប់អារម្មណ៍លើបញ្ហាជម្លោះរវាងចិន និងសហរដ្ឋអាមេរិកផងដែរ ដោយសារបញ្ហានេះជាប្រភពរុញច្រានឲ្យនយោបាយការទូត ពាណិជ្ជកម្ម យោធា និងសេដ្ឋកិច្ចពិភពលោកបានរងនូវសម្ពាធយ៉ាងចាស់ដៃផងដែរ។

រីឯ បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក៏ស្ថិតក្នុងក្រសែភ្នែក នៃការតាមដានយ៉ាងយកចិត្តដាក់របស់ពិភពលោកផងដែរ។

សារព័ត៌មាន Nikkei បានរាយការណ៍ថា នៅក្នុងរយៈពេល១២ខែរបត់នយោបាយដែលពិភពលោកចាប់អារម្មណ៍បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករួមមានបញ្ហានៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ាគីស្ថាន បង់ក្លេដេស ថៃ កោះតៃវ៉ាន់ កម្ពុជា វៀតណាម និងសិង្ហបុរី។ បញ្ហានៅឥណ្ឌូនេស៊ីដែលពិភពលោកចាប់អារម្មណ៍នោះ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែកុម្ភៈ កន្លងទៅ ដោយលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានឈ្នះក្នុងការបោះឆ្នោត នឹងចូលមកកាន់អំណាចនៅខែតុលា ឆ្នាំ២០២៤ នេះ។

ចំណែកបញ្ហាចាប់អារម្មណ៍នៅប៉ាគីស្ថាន គឺការបន្តដឹកនាំរដ្ឋាភិបាលរបស់លោក សេបាស សារីហ្វ (Shehbaz Sharif) ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីប៉ាគីស្ថានកាលពីខែមីនា ខណៈការបន្តជាប់ឆ្នោតជានាយករដ្ឋមន្ត្រីរបស់លោកស្រី ស៊ិក ហាស៊ីណា (Sheikh Hasina) កាលពីខែមករា បានក្លាយជាបញ្ហាចាប់អារម្មណ៍នៅប្រទេសបង់ក្លាដែស។ ប្រជាជាតិទាំងបីនេះសុទ្ធសឹងតែជាប្រជាជាតិដែលមានប្រជាជនច្រើន ដោយឥណ្ឌូនេស៊ីមានពលរដ្ឋ២៧៦ លាននាក់ ប៉ាគីស្ថានមាន២៣៦លាននាក់ ខណៈបង់ក្លាដែសមានពលរដ្ឋ១៧១លាននាក់។

ដោយឡែកនៅក្នុងប្រទេសថៃឯណោះវិញ ពិភពលោកចាប់អារម្មណ៍នឹងការចូលកាន់តំណែងរបស់លោក ស្រ៊ីថា ថាវេស៊ីន កាលពីខែសីហា ក្រោយការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២៣ ស្របពេលតំណែងរបស់លោកបច្ចុប្បន្នកំពុងតែរង្គោះរង្គើ។ ចំណែកនៅប្រទេសកម្ពុជា គឺការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលបានទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ។

ជាមួយគ្នានេះការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ឡរ៉ែន វង្ស ជំនួសលោក លី សៀនឡុង បានក្លាយជាព្រឹត្តិការណ៍ចាប់អារម្មណ៍សម្រាប់ប្រទេសសិង្ហបុរី ខណៈការស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ពីសំណាក់លោក ឡៃ ជីងតេ កាលពីសប្តាហ៍មុនបានក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ប្រចាំកោះប្រជាធិបតីមួយនេះ។ ទន្ទឹមនឹងនេះការផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំជាបន្តបន្ទាប់នៅវៀតណាម ក៏ជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ពិភពលោកផងដែរ។ក្រៅពីព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងអស់នេះ ការអូសបន្លាយនៃជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន រាប់ចាប់តាំងពីវិស័យបច្ចេកវិទ្យាដល់រថយន្តអគ្គិសនី ក៏ស្ថិតក្នុងក្រសែភ្នែកចាប់អារម្មណ៍របស់ពិភពលោកផងដែរ។ គេនៅចាំបានថា នៅឯវេទិកា អនាគតអាស៊ី ក្នុងទីក្រុងតូក្យូកាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ពាណិជ្ជកម្ម ការវិនិយោគ និងការចែករំលែកបច្ចេកវិទ្យា ឥឡូវនេះកំពុងស្ថិតនៅក្នុងដង្កៀបនៃភាពតានតឹងបណ្តាលមកពីជម្លោះរវាងចិន និងសហអាម៉េរិក។

ដោយឡែកនាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានលើកឡើងថា អាស៊ី គឺជាចលករសម្រាប់ទប់លំនឹងក្នុងការប្រជែងគ្នារវាងប្រទេសមហាអំណាច ហើយថា អាស៊ីគួរតែបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

ជាមួយគ្នានេះ អ្នកនយោបាយចាស់វស្សា មូហាធៀ មូហាមេដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា អាស៊ានគួរពង្រឹង និងត្រូសត្រាយផ្លូវអព្យាក្រឹតក្នុងការប្រឈមនឹងភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន រួមទាំងកោះតៃវ៉ាន់ផងដែរ ហើយលោកមូហាធៀ ហាក់ដូចជាដាក់បន្ទុកទៅលើអាម៉េរិកថា ជាអ្នកបញ្ឆេះឲ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ លោកមូហាធៀ មូហាមេដ បានបន្តថា ទំនាក់ទំនងការទូតអាចកាន់តែស្មុគស្មាញ នេះជាហេតុផលដែលអាស៊ានគួរតែជៀសវាងការជ្រើសរើសភាគីណាមួយ ទុកភាគីណាមួយនោះ៕