តើកត្តាអ្វីឱ្យធនាគារកណ្ដាលវៀតណាម ព្រួយបារម្ភខ្លាចផ្ទុះអស្ថិរភាពក្នុងវិស័យធនាគារនៅក្នុងប្រទេសនេះ? ធនាគារកណ្ដាលវៀតណាម បាននិយាយថា ការដកចេញនូវការកំណត់លើកំណើនឥណទានអាចនឹងធ្វើឱ្យកម្ចីមិនដំណើរការ ឬកម្ចីខូចកើនឡើងខ្លាំង ដែលគំរាមកំហែងដល់សុវត្ថិភាពនៃប្រព័ន្ធធនាគារទាំងមូលរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ធនាគារកណ្ដាលវៀតណាមបានបង្ហាញការព្រួយបារម្ភខ្លាចផ្ទុះអស្ថិរភាពក្នុងវិស័យធនាគារ ប្រសិនបើដកចេញកម្រិតកំណត់លើកំណើនឥណទាន។ ទោះជាយ៉ាងណា លោក ហា ស៊ី ដុង (Ha Sy Dong) សមាជិកសភាមកពីមណ្ឌលខេត្តក្វាងទ្រី (Quang Tri) ភាគកណ្តាលបានលើកឡើងនៅក្នុងរដ្ឋសភាវៀតណាម កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា ធនាគារកណ្តាលវៀតណាម គួរតែប្រើប្រាស់អត្រាការប្រាក់ ដើម្បីគ្រប់គ្រងកំណើនឥណទានជាជាងដាក់ការកំណត់លើកំណើនឥណទាន។
ធនាគារកណ្ដាលវៀតណាម បានចេញរបាយការណ៍មួយផ្ញើជូនសភាវៀតណាមថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម គឺពឹងផ្អែកខ្លាំងលើការផ្ដល់កម្ចីរបស់ធនាគារ។ មុនឆ្នាំ២០១១ ធនាគារនានាបានផ្តល់អត្រាការប្រាក់ខ្ពស់លើប្រាក់បញ្ញើដើម្បីប្រមូលប្រាក់ឱ្យបានកាន់តែច្រើនសម្រាប់ការផ្តល់កម្ចី ហើយកត្តានេះបានបណ្ដាលឱ្យកម្ចីខូចកើនឡើងច្រើនលើសលប់ និងបានធ្វើឱ្យធនាគារជាច្រើនប្រឈមហានិភ័យដួលរលំ។
ធនាគារនេះបាននិយាយទៀតថា ការកំណត់លើកំណើនឥណទានត្រូវបានដាក់ចេញក្នុងឆ្នាំ២០១១ ដើម្បីធានាបាននូវស្ថិរភាពក្នុងប្រព័ន្ធធនាគារ ហើយវានៅតែចាំបាច់ក្នុងពេលនេះ ហើយថា ការដកចេញនូវការកំណត់នេះចាំបាច់ត្រូវធ្វើឡើងបន្តិចម្តងៗដោយការប្រុងប្រយ័ត្នខ្ពស់អាស្រ័យលើស្ថានភាពទីផ្សារជាក់ស្ដែង។
កាលពីដើមឆ្នាំ២០២៤ នេះ ធនាគារកណ្តាលវៀតណាម បានដាក់ការកំណត់លើកំណើនឥណទានរបស់ធនាគារនីមួយៗអាស្រ័យលើលទ្ធផលរបស់ធនាគារទាំងនោះ ហើយប្រព័ន្ធធនាគារទាំងមូលរបស់វៀតណាម ត្រូវបានរំពឹងថា នឹងបង្កើនឥណទាន១៥%នៅក្នុងឆ្នាំនេះ៕