វិស័យធនាគារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ឬអាចនិយាយបានថា ជាជន្ទល់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ កត្តានេះបានជំរុញឱ្យប្រទេសនីមួយៗរួមទាំងកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យនេះ ដើម្បីធានាថា វិស័យនេះអាចរក្សាបានស្ថិរភាព និងនិរន្តរភាពក្នុងការធ្វើប្រតិបត្តិការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើដោយគ្មានហានិភ័យកើតឡើង។
យ៉ាងណាមិញមានការលើកឡើងជាចម្ងល់ និងចោទជាសំណួរថា ប្រសិនបើវិស័យធនាគារជួបបញ្ហា ឬដួលរលំ តើនឹងមានរឿងអ្វីកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗរួមទាំងកម្ពុជា?
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសា្រវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅពេលនិយាយដល់វិស័យធនាគារគេចង់សំដៅដល់ប្រភពទុន ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាអ្នកផ្តល់កម្ចីឬដើមទុនដល់រូបវន្តបុគ្គល ក្រុមហ៊ុន ឬសហគ្រាសនានាសម្រាប់យកទៅបើកឬពង្រីកអាជីវកម្ម ក៏ដូចជាទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន។
ក្នុងន័យនេះ អាចនិយាយបានថា វិស័យធនគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញការអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ច។ កត្តានេះបានជំរុញឱ្យរដ្ឋាភិបាលប្រទេសនីមួយៗរួមទាំងកម្ពុជា ដែលមានធនាគារកណ្តាលជាសេនាធិការបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ តាមរយៈការដាក់ចេញនូវយន្តការ និងគោលនយោបាយផ្សេងៗ សំដៅជួយសម្រួលបន្ទុករបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៀតសោត ក៏បានជួយសម្របសម្រួល និងបន្ធូរបន្ថយដល់អតិថិជន ដែលជួបបញ្ហាក្នុងការសងត្រឡប់ផងដែរ។
បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ការដាក់ចេញវិធានការ និងគោលនយោបាយរបស់ធនាគារជាតិ ក៏ដូចជាការជួយសម្របសម្រួល និងបន្ធូរបន្ថយពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុខ្លួនឯង គឺដើម្បីធ្វើយ៉ាងកុំឱ្យវិស័យនេះជួបបញ្ហា ឬដួលរលំក្នុងប្រការណាមួយ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ វិស័យធនាគារ និងហិរញ្ញវត្ថុ គឺមិនអាចឱ្យជួបបញ្ហា ឬដួលរំលំបានឡើយ ព្រោះបើវិស័យនេះដួល វិស័យសេដ្ឋកិច្ចក៏អាចដួលដូចគ្នាផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ កត់សម្គាល់ឃើញថា បើទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងនៅកម្ពុជា បានជួបព្យុះភ្លៀងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយក្តី តែវិស័យធនាគារនិងហិរញ្ញវត្ថុ នៅកម្ពុជា នៅតែរក្សាបានភាពរឹងមាំ បើទោះបីមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនបានជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញក៏ដោយ។ ភាពរឹងមាំរបស់វិស័យធនាគារនេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារមានការចូលរួមជួយគាំទ្រពីប្រជាពលរដ្ឋជាអ្នកទទួលកម្ចី និងដាក់ប្រាក់បញ្ញើ ដែលជាកោសិកាដ៏សំខាន់ក្នុងការជួយទ្រទ្រង់ប្រតិបត្តិការរបស់វិស័យនេះ។
វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយ។ ជាក់ស្តែងបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជា មានគ្រឹស្ថានធនាគារចំនួន៥៨ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៣ស្ថាប័ន ក្រុមហ៊ុនភតិសន្យាចំនួន១៦ស្ថាប័ន គ្រឹះស្ថានឥណទានជនបទចំនួន១១៤ស្ថាប័ន និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន៣៣។
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា ទន្ទឹមនឹងភាពរីកចម្រើននេះ ក៏មានមតិមួយចំនួនរិះគន់ផងដែរថា ការកើនឡើងចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះបានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលកាន់តែច្រើនផងដែរ។ សម្រាប់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ការខ្ចីប្រាក់ពីប្រព័ន្ធធនាគាររបស់រូបវន្តបុគ្គល ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស វាមិនមែនជារឿងអាក្រក់នោះទេ ឱ្យតែការខ្ចីនេះយកទៅប្រើប្រាស់ចំគោលដៅ និងមានផែនការច្បាស់លាស់។
បើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានរូបវន្តបុគ្គល ម្ចាស់ក្រុមហ៊ុន និងសហគ្រាសប្រមាណជិត៥នាក់ កំពុងប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំង១៩៤ស្ថាប័ន ដែលជាសមាជិករបស់ CBC ដោយមានទំហំទឹកប្រាក់កម្ចីសរុបប្រមាណ៥៧,៦ពាន់លានដុល្លារអាម៉េរិក៕