(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩.៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព ដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។
មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ»។
លោកស្រីបន្ថែមទៀតថា «ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖
* ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,
* ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា,
* សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ,
* សាកល្បងដាក់ឲ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,
* ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ,
* ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ។
គម្រោងនេះ សង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើមភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុងពិការភាព ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។
លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ បានថ្លែងថា «អង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្ត ក្នុងការជួយកម្ពុជា ក្នុងការពង្រីកការទទួលបានការអប់រំ ប្រកបដោយគុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត»។ លោកស្រីបន្តទៀតថា «មូលនិធិបន្ថែមនេះនឹងផ្តល់ជាឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩»៕