(ភ្នំពេញ)៖ នៅក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដបានរៀបចំពិធីចែកអំណោយសម្ភារៈសិក្សា និងថវិកាជូនដល់កូនៗ របស់មន្រ្តីរាជការក្រសួងព័ត៌មាន ចំនួនជាង៥០០នាក់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មានរួមនឹងសប្បុរសជនមកពីក្រុមហ៊ុន Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បាននាំយកនូវការជួបជុំគ្នាដ៏សប្បាយរីករាយជូនកូនៗ និងក្មួយៗ កុមារា កុមារីដើម្បីប្រារព្ធរៀបចំពិធីអបអរសាទរខួបទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។ លោកបានជូនពរកូនៗ ក្មួយៗ កុមារា កុមារីទាំងអស់ ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងបុរេសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូតដល់យុវវ័យ។
កុមារតំណាងឲ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ «ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា។
ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវិត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធ អនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។
ក្នុងឱកាសខួបលើកទី ៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញនូវសារលិខិត ចូលរួមអបអរដោយបានគូសបញ្ជាក់ថា កុមារ គឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
នៅគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេល អនាគត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។
អំណោយដែលត្រូវចែកជូនដល់កូនៗរបស់មន្រ្តីរាជការ នៃក្រសួងព័ត៌មាន ជាង៥០០នាក់ នាឱកាសនេះ ដោយក្នុងម្នាក់ៗទទួលបាន កាតាប១ ដបដាក់ទឹក១ រួមទាំងនំ និងសម្ភារៈសិក្សាជាច្រើនមុខទៀត ដែលជាអំណោយរបស់ ក្រុមហ៊ុន GWM , One Road Group អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។
លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Great Wall Motor (GWM) លក់រថយន្តរបស់ប្រទេសចិន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានផ្តល់កាតាប កូនសិស្សចំនួនជាង១,០០០ដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កុមារា កុមារីសិស្សានុសិស្សដែលខ្វះខាត៕