អាជ្ញាធរក្នុងតំបន់មួយចំនួននៃប្រទេសចិន កំពុងណែនាំឱ្យក្រុមហ៊ុននានាពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេស ហើយនេះជាសញ្ញាបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងចាត់វិធានការបន្ថែមទៀត ដើម្បីរារាំងទប់ស្កាត់កុំឱ្យមូលធនហូរចេញក្រៅប្រទេសនេះច្រើនពេក ស្របពេលដែលប្រាក់យន់កំពុងធ្លាក់ថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា និយ័តករក្នុងតំបន់មួយចំនួននៃប្រទេសចិន បានណែនាំដោយផ្ទាល់មាត់ឱ្យក្រុមហ៊ុននានានៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃប្រទេសនេះពន្យារពេល ឬកាត់បន្ថយការទិញរូបិយប័ណ្ណបរទេសក្នុងចំនួនច្រើន ជាពិសេសប្រាក់ដុល្លារអាម៉េរិកតែម្ដង។
ទិន្នន័យចេញផ្សាយដោយរដ្ឋបាលគ្រប់គ្រងអត្រាប្តូររូបិយប័ណ្ណបរទេស (SAFE) របស់ប្រទេសចិន បង្ហាញថា បណ្ដាធនាគារចិន បានលក់ចេញរូបិយប័ណ្ណបរទេសក្នុងទំហំ៣៦,៧ពាន់លានដុល្លារអាម៉េរិក ឱ្យទៅអតិថិជនរបស់ខ្លួនកាលពីខែមុន ដែលនេះបង្ហាញពីរំហូរមូលធនចេញក្រៅប្រទេសចិន ក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងខែធ្នូ ឆ្នាំ២០១៦ មក៕