Alynana Media Cambodia
Icon Collap
clinic narit

តើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានឹងមានការវិវត្តបែបណានៅក្នុងរយៈពេល៥ឆ្នាំខាងមុខ?

Media LNN | Jun 03, 2024
តើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានឹងមានការវិវត្តបែបណានៅក្នុងរយៈពេល៥ឆ្នាំខាងមុខ?
Clinic narith

វិស័យធនាគារនិងហិរញ្ញវត្ថុដែលជាធាតុផ្សំមួយដ៏ចាំបាច់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ត្រូវបានគេសង្កេតឃើញថា កំពុងមានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងមកទល់ពេលនេះ កម្ពុជាមានធនាគារព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណ១៥០ កំពុងមានវត្តមានបម្រើសេវាជូនអតិថិជនលើវិស័យហិរញ្ញវត្ថុ។ តើវត្តមានរបស់វិស័យធនាគារនិងហិរញ្ញវត្ថុបានរួមចំណែកសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច? ហើយវិស័យនេះនឹងមានការវិវត្តបែបណានៅក្នុងរយៈពេល៥ឆ្នាំខាងមុខ?

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីសលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហាក់មានចំនួនច្រើន បើធៀបនឹងប្រទេសក្នុងតំបន់។ ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថា នៅពេលខាងមុខចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានឹងមានការថយចុះ នៅពេលដែលវិស័យនេះមានកំណើនប្រកបដោយស្ថិរភាព ឬការប្រគួតប្រជែងកាន់តែច្រើន។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានលក់ភាគហ៊ុនឱ្យធនាគារបរទេស និងរួមបញ្ចូលអាជីវកម្មរួមគ្នាជាដើម។ សម្រាប់អ្នកជំនាញរូបនេះ វត្តមានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុច្រើន បានផ្ដល់ជម្រើសច្រើនដល់សាធារណជន និងបង្កភាពងាយស្រួលក្នុងការទទួលសេវានានាយកទៅប្រើប្រាស់។

​តើវិស័យធនាគារ និងហិរញ្ញវត្ថុ គួរពង្រឹង និងរៀបចំខ្លួនបែបណានៅក្នុងពេលមានវិបត្តិ និងការប្រគួតប្រជែងគ្នានាពេលបច្ចុប្បន្ន? ឆ្លើយតបនឹងសំណួរនេះ លោក រ័ត្ន សោភ័ណ បានចាត់ទុកបញ្ហាប្រឈមនានា គឺជាមេរៀន និងជាបទពិសោធន៍សម្រាប់ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែប្រសើរ។

​វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយ។ ជាក់ស្តែងបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានគ្រឹស្ថានធនាគារចំនួន៥៨ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៣ស្ថាប័ន ក្រុមហ៊ុនភតិសន្យាចំនួន១៦ស្ថាប័ន គ្រឹះស្ថានឥណទានជនបទចំនួន១១៤ស្ថាប័ន និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន៣៣។

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាសង្កេតឃើញថា ទន្ទឹមនឹងភាពរីកចម្រើននេះ ក៏មានមតិមួយចំនួនរិះគន់ផងដែរថា ការកើនឡើងចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះបានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលកាន់តែច្រើនផងដែរ។ សម្រាប់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ការខ្ចីប្រាក់ពីប្រព័ន្ធធនាគាររបស់រូបវន្តបុគ្គល ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស វាមិនមែនជារឿងអាក្រក់នោះទេ ឱ្យតែការខ្ចីនេះយកទៅប្រើប្រាស់ចំគោលដៅ និងមានផែនការច្បាស់លាស់។

បើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា(CBC)គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានរូបវន្តបុគ្គល ម្ចាស់ក្រុមហ៊ុន និងសហគ្រាសប្រមាណជិត៥នាក់កំពុងប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំង១៩៤ស្ថាប័នដែលជាសមាជិករបស់ CBC ដោយមានទំហំទឹកប្រាក់កម្ចីសរុបប្រមាណ៥៧,៦ពាន់លានដុល្លារអាម៉េរិក៕