(ភ្នំពេញ)៖ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំកន្លងមកនាំមកនូវភាពរីកចម្រើន និងការអភិ វឌ្ឍឥតឈប់ឈរ។ ហើយនៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ឯកឧត្តមជឿជាក់ថា សម្តេចតេជោនឹងបន្តដឹកនាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ចសង្គមបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបង្ហាញការកោតសរសើរ និងជឿជាក់បែបនេះ ក្នុងឱកាស
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការី ចូលជួបសម្ដែងការគួរសម ហើយក៏សម្ដែងការរីករាយ ដែលបានជួប សម្ដេចតេជោ ជាថ្មីម្ដងទៀត ។ ឯកឧត្តមបាន អបអរសាទរ សម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង បានជូន សម្តេច នូវលិខិតអបអរសាទរពីអតីតប្រធានសភាជាតិសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបានរំលឹកផងដែរជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែង និងការរួមចំណែករបស់សម្ដេចតេជោ ក្នុងការភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតជាមួយនឹងសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ ១៩៩៧។ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្ដែងនូវក្ដីរីករាយថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ដែលបានអមសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម ក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចដំបូងទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី តាមរយៈលទ្ធផលនៃជំនួបកំពូលរបស់សម្តេចធិបតី ជាមួយឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដោយបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់ និងកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន បណ្ដុះបណ្ដាលលើជំនាញនានាកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ ពហុភាគី និង បញ្ហាអន្តរជាតិ។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណដល់ការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូរ៉េ ចំពោះប្រទេសកម្ពុជា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងចាត់ទុកថានេះជាមរតក ដែលសម្តេចបានផ្តល់តាមរយៈការប្រឹងប្រែងភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េឡើងវិញ បន្ទាប់ពីសម្តេចធ្វើទស្សនកិច្ចលើកដំបូងទៅសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៦។ សម្តេចតេជោមានការជឿជាក់ខ្ពស់ថា កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ ប្រាកដជានាំមកនូវកំណើននៃទំនាក់ទំនងផ្នែកនយោបាយ។
សម្តេចតេជោ បានលើកឡើងថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយប្រទេសកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់សម្តេច ទោះបីជាមានការផ្ទេរអំណាចទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏ប្រទេសកម្ពុជានៅតែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង។ ជាក់ស្តែង៩ ខែកន្លងមកនេះ ប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី។
សម្តេចតេជោ បានលើកឡើងថាភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀងដែលមានជាមួយគ្នាជាពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយធ្វើឱ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយផងដែរ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា។ សម្តេច ក៏បានបង្ហើបពីបំណងចូលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលអាចចាត់ទុកថាជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅសាធារណរដ្ឋកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju។
សម្ដេចក៏បានរំលឹកផងដែរនូវមេរៀន ដែលកម្ពុជាត្រូវចងចាំនិងកត់ត្រាទុក ចំពោះការជួយរបស់សាធារណរដ្ឋកូរ៉េ នៅពេលដែលពិភពលោកប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ។ បណ្ដាប្រទេសនានាបានបិទខ្ទប់ ជាពិសេសបិទការហោះហើរ គឺមានតែសាធារណរដ្ឋកូរ៉េទេ ដែលរក្សាជើងហោះហើររវាងភ្នំពេញនិងសាធារណរដ្ឋកូរ៉េ ដែលជាច្រកចេញចូលសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត។ សម្តេចតេជោ បានចាត់ទុកថា សម្ដេចនៅជំពាក់គុណសាធារណរដ្ឋកូរ៉េចំពោះការជួយដ៏ធំនេះ ដែលបានអនុញ្ញាតឱ្យកម្ពុជាមានដង្ហើមដកនៅពេលនោះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយនានាជា ឥណទានសម្បទាន ជាជំនួយឥតសំណង ដែលសាធារណរដ្ឋកូរ៉េបានជួយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវថ្នល់ ការជួយបណ្តុះបណ្តាលធនធានមនុស្ស នឹងការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាដើម។
សម្តេចសង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់នូវការចងចាំ និងចំណាប់អារម្មណ៍ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអនុស្សាវរីយ៍នានារបស់សម្ដេចជាមួយនឹងប្រធានសភាជាតិ ប្រធានាធិបតី ជាបន្តបន្ទាប់និងឥស្សរជននានានៃសាធារណរដ្ឋកូរ៉េ។ ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងការរីករាយដោយក្រុមមិត្តភាពអន្តរសភាកូរ៉េ-កម្ពុជាត្រូវបានបង្កើតឡើង ហើយដោយទទួលដំណឹងថា សម្ដេចតេជោនឹងអញ្ជើញទៅចូលរួមនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju នៅខែកញ្ញាខាងមុខនេះ។ ឯកឧត្តម សន្យាថានឹងរៀបចំឱ្យមានជំនួបនានាជាមួយប្រមុខដឹកនាំ ឥស្សរជន របស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលនេះ។
ជាចុងក្រោយ សម្តេចតេជោប្រធានព្រឹទ្ធសភា បានស្នើសុំ ឯកឧត្ដមឯកអគ្គរដ្ឋទូត ពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខក៏ដូចជាពរជ័យជូនចំពោះ ឯកឧត្តម ប្រធានាធិបតី និងប្រធានសភាជាតិថ្មីនៃសាធារណរដ្ឋកូរ៉េ។ សម្ដេចតេជោ ក៏បានសម្ដែងសេចក្ដីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅចូលរួមវេទិកាចំណេះដឹងពិភពលោកនាពេលខាងមុខនេះ សម្ដេចនឹងមានឱកាសបានជួបជាមួយនឹងប្រធានាធិបតី ក៏ដូចជាប្រធានសភាជាតិថ្មីនៃសាធារណរដ្ឋកូរ៉េ ផងដែរ៕