អាស៊ានកំពុងធ្វើការរួមគ្នា ជំរុញបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦-២០៣៥ ក្នុងគោលដៅបង្កើតផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយ នៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី អាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០ ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ដំណើរឆ្ពោះទៅ អនាគត» នៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៤នេះថា អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្ត នៃផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះ បង្ហាញពីជំហាននិងគោលដៅ សំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម បន្តថា ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក ក្របខណ្ឌនេះ បានជួយបណ្តាប្រទេសអាស៊ាន ផ្តោតលើការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការក្នុងតំបន់។ ជាលទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់យើង បានដោះស្រាយ យ៉ាងមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្របួនយ៉ាង៖ ១) ការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាលសាធារណៈ និងវិស័យអប់រំ, ២) ការលើក កម្ពស់ការចល័តទេពកោសល្យ, ៣) ការបង្កើតប្រព័ន្ធនវានុវត្តន៍ សម្រាប់ផលជះដល់សហគមន៍, និង ៤) ការលើកកម្ពស់ការយល់ដឹង អំពីវប្បធម៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។
ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការជាមួយរដ្ឋជាសមាជិក និងដៃគូសន្ទនាទាំងអស់ ដើម្បី បង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយនៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់មួយទៀត។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រើសរើសទិសដៅអាទិភាព ដែលបន្ទាប់មកត្រូវបានអនុម័តដោយរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំ ឯកឧត្តម ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលឃើញកិច្ចផ្តួចផ្តើម និងគម្រោងជាច្រើនត្រូវបានស្នើឡើង ហើយគំនិតផ្តួចផ្តើម ទាំងនេះ នឹងត្រូវបានពិនិត្យដើម្បីអនុម័តនៅរសៀលនេះ៕