កាលពីពេលថ្មីៗនេះស្ថានីយថាមពលសូឡា ឬពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក បានផ្ទុះល្បីពាសពេញបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសចិន ដោយសារវាមានសមត្ថភាពខ្លាំងអស្ចារ្យដែលអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសមួយទាំងមូលបានគ្រប់គ្រាន់ស្ទើរមិនគួរឱ្យជឿ។ តើស្ថានីយថាមពលសូឡាខ្នាតយក្សនេះស្ថិតនៅក្នុងប្រទេសណា? ហើយមានទំហំប៉ុណ្ណា និងមានសមត្ថភាពអាចផលិតថាមពលបានប៉ុន្មាន?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ស្ថានីយថាមពលសូឡា ឬពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកខាងលើនេះ មានទីតាំងស្ថិតនៅតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) ប្រទេសចិន ដោយគ្របដណ្ដប់លើផ្ទៃដី៨ម៉ឺន១ពាន់ហិកតា ជាមួយនឹងសមត្ថភាពផលិតថាមពលប្រចាំឆ្នាំលើសពី៦ពាន់លានគីឡូវ៉ាត់ម៉ោង(kWh) ដែលអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសតូចល្មមមួយទាំងមូលបានគ្រប់គ្រាន់។
ស្ថានីថាមពលសូឡាដ៏ធំបំផុតរបស់ពិភពលោកនេះមានឈ្មោះថា 5GW ដែលត្រូវបានតភ្ជាប់ជាមួយបណ្តាញអគ្គិសនីរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ សប្ដាហ៍មុននេះ មានសមត្ថភាពផលិតថាមពលគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអគ្គិសនីរបស់ប្រទេសតូចល្មមមួយទាំងមូល ដែលមានទំហំប៉ុនប្រទេសលុចសំបួរ ឬ ប្រទេសប៉ាពួញូហ្គីណេ។
សូមបញ្ជាក់ថា ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បាននាំមុខពិភពលោកផ្នែកប្រើប្រាស់ថាមពលសូឡា ដោយក្នុងឆ្នាំ២០២៣ ចិនបានបង្កើនសមត្ថភាពផលិតថាមពលសូឡារបស់ខ្លួនបានរហួតដល់ទៅជាង៥០%។ ស្ថានីយថាមពលសូឡាថ្មីនេះបានវ៉ាឈ្នះគម្រោងស្ថានីយថាមពលសូឡាខ្នាតយក្ស២ផ្សងទៀត ដែលសុទ្ធតែស្ថិតនៅក្នុងប្រទេសចិន ក្លាយជាគម្រោងស្ថានីយសូឡាដ៏ធំបំផុតក្នុងពិភពលោក។
តាមរយៈរបាយការណ៍មួយរបស់ខ្លួនកាលពីពេលថ្មីៗនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានសរសើរប្រទេសចិន មិនដាច់ពីមាត់ថា ការផ្លាស់ប្ដូររបស់ប្រទេសចិន ឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ គឺពិតជាមិនធម្មតាឡើយ គ្រាន់តែឋាមពលសូឡាដែលប្រទេសនេះបានដំឡើងក្នុងឆ្នាំ២០២៣ គឺមានទំហំស្មើនឹងអ្វីដែលពិភពលោកទាំងមូលបានដំឡើងនៅក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ប្រទេសចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៦០% នៃការផលិតថាមពលកកើតឡើងវិញទូទាំងពិភពលោក៕