(ហាណូយ)៖ ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលរបស់ប្រទេសវៀណាម បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ការផ្គត់ផ្គង់មាសសម្រាប់តម្រូវការ ស្របច្បាប់មានគ្រប់គ្រាន់ ហើយពាក្យចចាមអារ៉ាមអំពីកង្វះខាតមាសគឺមិនពិតទេ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយធនាគារកណ្តាលវៀតណាមថា ធនាគារកណ្តាលមានធនធាន និងការប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយគម្លាតរវាងអត្រាការប្រាក់ក្នុងស្រុក និងអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា មានពាក្យចចាមអារ៉ាមមិនពិតដែលថា អាជ្ញាធរមិនមានមាសគ្រប់គ្រាន់សម្រាប់លក់ ហើយអ្នកខ្លះកំពុងជួលអ្នកផ្សេងទៀត ឱ្យតម្រង់ជួរនៅហាងមាសក្នុងគោលបំណងទិញ មានក្នុងបរិមាណច្រើនដើម្បីជំរុញតម្លៃ។
តម្លៃដុំមាសរបស់វៀតណាមឥឡូវនេះស្ថិតនៅកម្រិតទាបក្នុងរយៈពេល ៤ខែគឺ ៧៦,៩៨លានដុង (៣ ០២៧,៨៥ដុល្លារ) ក្នុងមួយតម្លឹង (tael) ខ្ពស់ជាងតម្លៃមាសពិភពលោក ៥,៥% ធៀបនឹង ២៣% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ មាសមួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។
ធនាគារកណ្តាលវៀតណាម កំពុងសម្របសម្រួលជាមួយនគរបាល ដើម្បីកំណត់អត្តសញ្ញាណ និងដាក់ទោសអ្នកដែលបំប៉ោងតម្លៃលើទីផ្សារ ដើម្បីកេងចំណេញតម្លៃ។ ធនាគារកណ្តាលណែនាំសាធារណជន ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការចាញ់បោកអ្នកដែលមានចេតនាមិនល្អ។ នេះបើយោងតាមកាសែត VN Express៕