Alynana Media Cambodia
Icon Collap
clinic narit

អាល្លឺម៉ង់ ដែលជាបងធំនៅអឺរ៉ុប ប្រកាសកាត់បន្ថយពន្ធក្នុងទំហំ២៥ពាន់លានដុល្លារដើម្បីទប់អតិផរណាដែលកំពុងហក់ឡើងខ្ពស់គួរឱ្យបារម្ភ

Media LNN | Jun 11, 2024
អាល្លឺម៉ង់ ដែលជាបងធំនៅអឺរ៉ុប ប្រកាសកាត់បន្ថយពន្ធក្នុងទំហំ២៥ពាន់លានដុល្លារដើម្បីទប់អតិផរណាដែលកំពុងហក់ឡើងខ្ពស់គួរឱ្យបារម្ភ
Clinic narith

រដ្ឋាភិបាលចម្រុះនៃប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងសហភាពអឺរ៉ុបបានប្រកាសកាត់បន្ថយពន្ធ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិក ដើម្បីទប់អតិផរណាដែលចេះតែកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារ័ត៌មាន Euro News។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក គ្រីស្ទៀន លីនន័រ (Christian Lindner) ទម្លាយឱ្យដឹងកាលពីថ្ងៃពុធសប្ដាហ៍មុនថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយអតិផរណាហក់ឡើងខ្ពស់ រដ្ឋាភិបាលចម្រុះនៃប្រទេសល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងសហភាពអឺរ៉ុប បានប្រកាសកាត់បន្ថយពន្ធក្នុងទំហំទឹកប្រាក់២៥ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៦ ដើម្បីទប់អតិផរណាដែលចេះតែកើនឡើងគួរឱ្យព្រួយបារម្ភ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបានអះអាងថា វិធានការកាត់បន្ថយពន្ធនេះធ្វើឡើងក្នុងគោលបំណងប៉ះប៉ូវកំណើនពន្ធ ដោយសារនៅក្នុងប្រព័ន្ធពន្ធដារដែលមានលក្ខណៈខុសពីគេរបស់ប្រទេសនេះ អត្រាពន្ធកើនឡើងកាន់តែខ្ពស់ស្របទៅតាមកំណើននៃប្រាក់ចំណូល។ ខុសពីប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួនទៀតដូចជាសហរដ្ឋអាម៉េរិក កាណាដា និងស្វីសជាដើម ប្រព័ន្ធពន្ធដាររបស់ប្រទេសអាល្លឺម៉ង់ មិនត្រូវបានកែតម្រូវស្វ័យប្រវត្តិដោយផ្អែកលើអតិផរណានោះឡើយ។

លោក គ្រីស្ទៀន លីនន័រ (Christian Lindner) បានលើកឡើងថា ដើម្បីភាពត្រឹមត្រូវ និងតម្លាភាព រដ្ឋាភិបាលត្រូវកែសម្រួលប្រព័ន្ធពន្ធដារនេះឱ្យស្របទៅនឹងស្ថានភាពអតិផរណា។

សូមបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសអាល្លឺម៉ង់ នៅក្នុងឆ្នាំដដែលបានអនុម័តច្បាប់មួយ ដើម្បីប៉ះប៉ូវអតិផរណាដែលហក់ឡើងខ្ពស់តាមរយៈការកែសម្រួលពន្ធសម្រាប់ឆ្នាំ២០២៣ និង២០២៤។ ហើយពេលនេះ លោក គ្រីស្ទៀន លីនន័រ (Christian Lindner) ចង់ឱ្យរដ្ឋាភិបាលនៃប្រទេសនេះបន្តកែសម្រួលអត្រាពន្ធលើប្រាក់ចំណូល ដើម្បីជួយសម្រាលបន្ទុកដល់ពលរដ្ឋសម្រាប់ឆ្នាំ២០២៥ និង២០២៦៕