Alynana Media Cambodia
Icon Collap
clinic narit

ធនាគារពិភពលោកព្យាករថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតនៅឆ្នាំ២០២៤ នេះ

Media LNN | Jun 14, 2024
ធនាគារពិភពលោកព្យាករថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតនៅឆ្នាំ២០២៤ នេះ
Clinic narith

ដោយឡែកយើងមកតាមដានមើលរឿងសំខាន់មួយទៀតទាក់ទងនឹងរបាយការណ៍ស្ដីពីទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា ទោះបីមានសន្ទុះកំណើនទាបជាងឆ្នាំមុនក៏ដោយ ប៉ុន្តែធនាគារពិភពលោក បានព្យាករថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតក្នុងពិភពលោកនៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ធនាគារពិភពលោកបានព្យាករក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី​១១ មិថុនា នេះថា ឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៦%នៅឆ្នាំនេះ ដែលជំរុញដោយកំណើនតម្រូវការក្នុងស្រុក និងការវិនិយោគ។ ទោះបីកំណើននេះទាបជាងកំណើនកាលពីឆ្នាំ២០២៣ ដែលមានក្នុងរង្វង់៨,២% ក៏ដោយ តែធនាគារពិភពលោកអះអាងថា ឥណ្ឌាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។

កំណើនសេដ្ឋកិច្ចសកលនឹងរក្សាស្ថិរភាពក្នុងកម្រិត២,៦% នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះបីឆ្នាំជាប់គ្នា ដែលនេះទំនងជាការធ្លាក់ចុះចុងក្រោយសម្រាប់វិបត្តិសេដ្ឋកិច្ចសកល តែយ៉ាងណាសេដ្ឋកិច្ចពិភពលោកអាចជួបប្រឈមនឹងហានិភ័យមួយចំនួន ដែលបង្កឡើងដោយបញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ជាពិសេសរវាងសហរដ្ឋអាម៉េរិក ជាមួយមហាយក្សចិនតែម្តង។

យ៉ាងណាមិញធនាគារពិភពលោកបានព្យាការថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលរួមមាន ប្រទេសចិន កូរ៉េខាងត្បូង ប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេសកោះប៉ាស៊ីហ្វិកនឹងធ្លាក់ចុះពី៤,២% មកនៅត្រឹម៤% នៅឆ្នាំនេះ។ អត្រាកំណើនរបស់ប្រទេសចិនត្រូវបានព្យាករថា នឹងធ្លាក់ចុះពី៥,២% មកនៅត្រឹម៤,៨%។

ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅប្រទេសចិន ការលក់រាយចុះខ្សោយ និងទំនុកចិត្តអាជីវកម្មធ្លាក់ចុះកំពុងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគនៅប្រទេសចិន ខណៈដែលភាពមិនច្បាស់លាស់នៃគោលនយោបាយទាំងក្នុងស្រុក និងអន្តរជាតិបានធ្វើឱ្យអ្នកវិនិយោគកាន់តែមានភាពភ័យព្រួយក្នុងការបោះទុនវិនិយោគ។

ទន្ទឹមនឹងនេះ ការធ្លាក់ចុះសេដ្ឋកិច្ចចិនកាន់តែខ្លាំងជាងការរំពឹងទុក អាចជំរុញឱ្យមានការប្រែប្រួលតម្លៃទំនិញសកល ប្រសិនបើតម្រូវការថាមពលរបស់ចិន និងទំនិញផ្សេងទៀតធ្លាក់ចុះ។ ហើយសេដ្ឋកិច្ចរបស់ប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងជាមួយចិន ក៏អាចងាយរងគ្រោះកាន់តែខ្លាំងផងដែរ​។

តែយ៉ាងណា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមនឹងក្លាយជាចំណុចភ្លឺស្វាងជាងគេនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចសំខាន់ៗនៅក្នុងតំបន់ ដោយរំពឹងថាសម្រេចបានកំណើនក្នុងអត្រា៥% និង៥,៥%រៀងគ្នា៕