(ភ្នំពេញ)៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និសិ្សតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត បានអញ្ជើញជា អធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០៣ អង្គ-នាក់ នៃសាកល វិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
ជាមួយការសម្តែងនូវអំណរសាទរ ចំពោះថ្នាក់ដឹកនាំ គ្រប់គ្រង បុគ្គលិកសិក្សា សាស្ត្រាចារ្យ ដៃគូអភិវឌ្ឍ និង និស្សិតជ័យលាភី ទាំងអស់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក្នុងពិធីដ៏មហោឡារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្រ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ សម្រាប់ជីវិតរបស់និស្សិតជ័យលាភី ដែលចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងកាន់តែខ្ពស់។ ជាពិសេសក្នុងឱកាសនេះ លោកជំទាវ បានកត់សំគាល់ឃើញថា មាននិស្សិតជាស្រ្តីច្រើនជាងបុរស ដែលមកទទួលសញ្ញាបត្រនាពេលនេះ ដែលនេះសបញ្ជាក់ថា បច្ចុប្បន្ននារីមានឱកាសបានរៀនសូត្រច្រើន មិនដូចស្រ្តីកាលពីសម័យមុននោះទេ មិនដូចពាក្យចាស់ពោលថា(ស្រ្តីបង្វិលចង្កានមិនជុំ)។ ជាមួយនឹងចំណេះដឹងដែលទទួលបាននេះ និស្សិតទាំងអស់ ក៏ត្រូវបន្តការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និងត្រូវ អភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល និងយុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាង កំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និង នវានុវត្តន៍ ។
លោកជំទាវបណ្ឌិតបានបន្តទៀតថា ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថាធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេស គម្លាតខួក្បាលនិងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង។ លោកអោយដឹងថាក្នុងន័យនេះ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គភាព ពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការ និងលើកស្ទួយវិស័យអប់រំ និង ការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈ ការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង ការផ្តល់សេវាបង្រៀនប្រកបដោយ គុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានមនុស្សកម្ពុជា សម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព។
ជាចុងក្រោយ លោកជំទាវបណ្ឌិត ថ្លែងអំណគុណចំពោះសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលតែងតែផ្តល់អាហារូបករណ៍ដល់ និស្សិតក្រីក្រជារៀងរាល់ឆ្នាំ និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តីរាជការបុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងវិស័យអប់រំ និង បណ្តុះបណ្តាល ប្រកបដោយគុណភាព និងសមត្ថភាព នៅកម្ពុជា៕