Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម គ្រោងយកពន្ធ១០% លើភេសជ្ជៈផ្អែម ដើម្បីកាត់បន្ថយការប្រើប្រាស់

Media LNN | Jun 18, 2024
វៀតណាម គ្រោងយកពន្ធ១០% លើភេសជ្ជៈផ្អែម ដើម្បីកាត់បន្ថយការប្រើប្រាស់
Clinic narith

ក្រសួងហិរញ្ញវត្ថុវៀតណាម គ្រោងយកពន្ធ១០% លើភេសជ្ជៈគ្រឿងកំប៉ុង ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនេះ ព្រោះការហូបភេសជ្ជៈគ្រឿងកំប៉ុងច្រើននឹងនាំឱ្យមានជំងឺឈាមផ្អែម ឬទឹកនោមផ្អែម ជំងឺធាត់ និងជំងឺមួយចំនួនទៀត ខណៈកម្រិតផឹកភេសជ្ជៈផ្អែមក្នុងម្នាក់បានកើតឡើងជាង១ដងក្នុងពេល៧ឆ្នាំនៅវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។

ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ពន្ធលើការប្រើប្រាស់ពិសេសថា ប្រសិនបើតម្លៃផលិតផលកំប៉ុងមានរស់ជាតិផ្អែមបានកើនឡើង១០% នោះអ្នកប្រើប្រាស់អាចងាកទៅរកផលិតផលដែលមានជាតិស្ករតិច ឬគ្មានជាតិស្ករតែម្ដង។ ក្រសួងនេះជឿជាក់ថា តាមរយៈសេចក្តីព្រាងច្បាប់នេះ វានឹងជួយកាត់បន្ថយជំងឺធាត់ហួស ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយតែម្ដងដែលវានឹងអាចជួយសម្រាលសម្ពាធទៅលើប្រព័ន្ធថែទាំសុខភាព។ លើសពីនេះ តាមរយៈច្បាប់នេះនឹងជួយឱ្យរដ្ឋាភិបាលអាចទទួលបានចំណូលពន្ធចំនួន៩៤លានដុល្លារក្នុងឆ្នាំផងដែរ។

បើតាមទិន្នន័យពីវិទ្យាស្ថានជាតិ អាហារូបត្ថម្ភរបស់វៀតណាម កម្រិតនៃការប្រើប្រាស់ភេសជ្ជៈផ្អែមសម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំបានកើនឡើងជាង១ដងក្នុងរយៈពេល៧ឆ្នាំ ដោយឡើងដល់ជាង៧០លីត្រនៅត្រឹមឆ្នាំ២០២០។

ចំណែកសមាមាត្រនៃការលើសទម្ងន់ និងធាត់ហួសសម្រាប់កុមារ និងក្មេងជំទង់ចន្លោះអាយុចាប់ពី៥ឆ្នាំ ទៅ១៩ឆ្នាំ បានកើនឡើងទ្វេដងក្នុងរយៈពេល១០ឆ្នាំមកនេះ ដោយកើនឡើងដល់១៩% ក្នុងឆ្នាំ២០២០ គឺខ្ពស់ជាងកម្រិតមធ្យមភាគសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានអត្រាជាង១៧%ប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្មវៀតណាម បានបន្ថែមថា ការយកពន្ធលើភេសជ្ជៈផ្អែម គឺជានិន្នាការសកល ហើយប្រទេសចំនួន៨៥ នៅលើពិភពលោក ឥឡូវនេះបានធ្វើដូច្នេះដោយបានកើនឡើង៦ដង បើធៀបនឹងចំនួនកាលពីមួយទសវត្សរ៍មុន។ ក្រុមហ៊ុនផលិតភេសជ្ជៈកំប៉ុងកាលពីឆ្នាំមុនបានប្រឆាំងនឹងការដំឡើងពន្ធបែបនេះដោយអះអាងថា ពួកគេមិនបានរួមចំណែកធ្វើឱ្យមានបញ្ហាសុខភាពដូចជាជំងឺធាត់ហួសនោះឡើយ៕