Alynana Media Cambodia
Icon Collap
clinic narit

ហ្វីលីពីន គ្រោងបង្កើតកំពង់ផែថ្មី១៧កន្លែង ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម

Media LNN | Jun 22, 2024
ហ្វីលីពីន គ្រោងបង្កើតកំពង់ផែថ្មី១៧កន្លែង ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម
Clinic narith

ប្រទេសហ្វីលីពីន គ្រោងនឹងសាងសង់កំពង់ផែទឹកជ្រៅថ្មីចំនួន១៧កន្លែងបន្ថែមទៀត ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អង្ករ និងផលិតផលកសិកម្មមួយចំនួនទៀត ព្រមទាំងជីកសិកម្មផងដែរ ស្របពេលដែលប្រទេសនេះកំពុងប្រឹងប្រែងគ្រប់គ្រងតម្លៃម្ហូបអាហារក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀ ឡូរ៉េល ជូនៀ (Francisco Tiu Laurel Jr.) បាននិយាយកាលពីថ្ងៃអង្គារ ក្នុងវេទិកាធុរកិច្ចក្នុងទីក្រុងម៉ានីលថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះគ្រោងនឹងប្រើពេល២៧ឆ្នាំ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ហើយថា ផែនការពង្រីកកំពង់ផែទឹកជ្រៅថែមទៀតនឹងជួយកែលម្អវិស័យកសិកម្មរបស់ខ្លួន។

លោក Laurel បាននិយាយក្នុងព្រឹត្តិការណ៍នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងរដ្ឋធានីម៉ានីលថា ប្រសិនបើហ្វីលីពីន ចង់កាត់បន្ថយថ្លៃដើមសម្រាប់ការបង្កបង្កើនផលពោត ស្រូវ និងដំណាំដែលប្រើជីផ្សេងទៀត ហ្វីលីពីនត្រូវការសាងសង់កំពង់ផែបន្ថែមទៀត។ ដូច្នេះហើយ ហ្វីលីពីនគ្រោងនឹងសាងសង់កំពង់ផែថ្មីចំនួន១៧កន្លែងថែមទៀត នៅទូទាំងប្រទេសនេះ។

ប្រទេសហ្វីលីពីនបានផ្តល់ថវិកាដល់នាយកដ្ឋានកសិកម្មប្រហែល៣,៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២៤។ លោក Laurel បាននិយាយថា លោកមានបំណងបង្កើនចំនួននេះទ្វេដងនៅឆ្នាំ២០២៥ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសន្តិសុខស្បៀង។

លោក Laurel រំពឹងថា តម្លៃជីកសិកម្មនឹងធ្លាក់ចុះដល់ទៅ១៥% នៅពេលកំពង់ផែថ្មីទាំងនេះបានសាងសង់រួច ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតពីផែនការ និងទំហំចំណាយលើគម្រោងនេះនោះទេ។

ការហក់ឡើងខ្ពស់នូវតម្លៃស្បៀងអាហារបានប៉ះពាល់ដល់ប្រជាពលរដ្ឋហ្វីលីពីនយ៉ាងខ្លាំងជាហេតុបង្ខំឱ្យរដ្ឋបាលរបស់លោក ម៉ាកូស ប្រធានាធិបតីហ្វីលីពីន ចាត់វិធានការមួយចំនួនដូចជាការកាត់បន្ថយពន្ធសម្រាប់ការនាំចូលអង្ករពី១៥% ទៅ៣៥% នៅដើមខែនេះ ដើម្បីសម្រាល បន្ទុករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនេះ៕