(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ម៉ារីត សាងៀមផុង្ស នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ារីត សាងៀមផុង្ស នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពី មធ្យោបាយនានាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីព្រមទាំងរិះរកវិធីសាស្ត្រនានាដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួម៕