តម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅកម្ពុជា ដែលបានហក់ឡើងដល់ប្រមាណ៨ពាន់រៀលក្នុង១គីឡូក្រាម បានធ្លាក់ចុះបន្តិចវិញហើយមកនៅត្រឹមជាង៧ពាន់រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ ការធ្លាក់ចុះនេះត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា គឺដោយសារការធ្លាក់ចុះតម្រូវការនៅវៀតណាម បន្ទាប់ពីប្រទេសកូឌីវ័រ ដែលជាអ្នកផលិតគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោក បើកការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ។ តែយ៉ាងណាតម្លៃនេះ នៅស្ថិតក្នុងកម្រិតមួយខ្ពស់គួរសម បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីស្ងួតនៅកម្ពុជា អាចលក់បានក្នុងតម្លៃ៧ពាន់៥រយរៀលក្នុង១គីឡូក្រាម ធ្លាក់បន្តិចបើធៀបនឹងតម្លៃកាលពីជាងមួយសប្តាហ៍មុន ដែលបានហក់ឡើងដល់ប្រមាណ៨ពាន់រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីប្រទេសកូឌីវ័រ ដែលជាអ្នកផលិតគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោកបានបើកការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ ជាពិសេសទីផ្សារវៀតណាម ដែលជាអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីធំជាងគេរបស់កម្ពុជា។ បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នកម្ពុជា នៅសល់គ្រាប់ស្វាយចន្ទីឆៅស្ងួតសម្រាប់នាំចេញមិនដល់១០ម៉ឺនតោននោះទេ។
បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្នកម្ពុជានៅសល់គ្រាប់ស្វាយចន្ទីស្ងួតប្រមាណ២០ម៉ឺនតោន ហើយក្នុងចំណោមនេះ គឺមានជាង១០ម៉ឺនតោន ទុកផ្គត់ផ្គង់ឱ្យការកែច្នៃក្នុងស្រុក។ យ៉ាងណាមិញ លោក បានសម្ដែងការសោកស្ដាយចំពោះលទ្ធភាពរបស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដែលពុំមានទុនបង្វិលគ្រប់គ្រាន់សម្រាប់ទិញគ្រាប់ស្វាយចន្ទីស្តុកទុកក្នុងអំឡុងពេលតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ដើម្បីជួយដល់កសិករនាពេលកន្លងមក។
បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា មកទល់ពេលនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៧០ម៉ឺនតោន ក្នុងនោះគិតត្រឹមពាក់កណ្តាលខែមិថុនា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម បានជាង៧២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៩២១លានដុល្លារ៕