ផ្សារហ៊ុននៅក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកជាមួយនឹងចំនួនប្រជាជនរហូតដល់ទៅជាង១,៤ពាន់លាននាក់ បានជួបវិបត្តិធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដោយទំហំសរុបនៃការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូងនៅក្នុងប្រទេសនេះ បានធ្លាក់ចុះរហូតដល់ទៅជាង៨០%។ តើមានកត្តាអ្វីធ្វើឱ្យផ្សារហ៊ុនរបស់មហាយក្សចិន ជួបវិបត្តិធ្ងន់ធ្ងរបែបនេះ?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia បានឱ្យដឹងថា បរិយាកាសវិនិយោគដ៏លំបាកនៅក្នុងប្រទេសចិន ដែលបង្កឡើងដោយសារការធ្លាក់ចុះនូវការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPOs) និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានបង្ខំឱ្យបណ្ដាក្រុមហ៊ុន និងវិនិយោគិនស្វែងរកឱកាសវិនិយោគនៅកន្លែងផ្សេង ពោលគឺចាកចេញពីប្រទេសចិន។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះ តម្លៃសរុបនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅក្នុងប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ៨៤% មកនៅត្រឹម៤,៤៨ពាន់លានដុល្លារអាម៉េរិក ខណៈមានតែក្រុមហ៊ុនចំនួន៤៤ប៉ុណ្ណោះ ដែលបានឡើង IPO ឬឡើងផ្សារហ៊ុន ដោយធ្លាក់ចុះរហូតដល់ទៅ៧៥%។
លោក ឌីក ខេ (Dick Kay) ប្រធានផ្នែកសេវាកម្មទីផ្សារមូលធននៃក្រុមហ៊ុនសវនកម្មអន្តរជាតិ ឌឹឡយ (Deloitte) ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសវនកម្មធំបំផុតទាំង៤ របស់ពិភពលោកបានលើកឡើងថា ការចុះឈ្មោះឡើង IPOs ឬឡើងផ្សារហ៊ុនក្នុងប្រទេសចិន ក្នុងត្រីមាសទី២ មានសន្ទុះយឺតខ្លាំងណាស់ ហើយក្នុងខែមីនា និងខែមេសា គឺគ្មានសោះតែម្ដង។
ទោះបីជាបែបនេះក្ដី ក៏លោក ឌីក ខេ (Dick Kay) បានរក្សាការព្យាករពេញមួយឆ្នាំរបស់លោកសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងរបស់ប្រទេសចិន ថានឹងមានទំហំសរុបពី១៩ពាន់លានដុល្លារអាម៉េរិកទៅ២៣ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៤ នេះ។
ទន្ទឹមនេះ ក្រុមហ៊ុនសវនកម្មអន្តរជាតិ ឌឹឡយ (Deloitte) ក៏បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅក្រុងហុងកុង សម្រាប់ឆ្នាំនេះមកនៅចន្លោះពី៧,៧ពាន់លានដុល្លារអាម៉េរិក ទៅ១០,៣ពាន់លានដុល្លារអាម៉េរិក ដោយធ្លាក់ចុះពី១៣ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសមុន៕