(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរដល់និស្សិតច្បាប់ម្នាក់ ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា «Vongchan Reaksmeidara» ដែលមានកែវភ្នែកមុតពូកែ វិភាគឆ្លុះបញ្ចាំងទាំងទិដ្ឋភាពសង្គម និងទិដ្ឋភាពច្បាប់។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធបានបញ្ជាក់ថា «អ្នកដែលអាចមានកែវភ្នែកមួយមុតឆ្លុះឃើញនោះគឺ ឈ្មោះ ដារ៉ា នៅក្នុងហ្វេសប៊ុកនោះ គាត់មើលឃើញកន្លែងហ្នឹងហ្មងដែលសម្ដេចបវរធិបតី ចាប់អារម្មណ៍ទៅលើការវិភាគវែកញែករបស់គាត់ថា មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គមផង និងទិដ្ឋភាពច្បាប់ផង ហើយគាត់ឯកភាពថា រឿងនេះវាអត់ចូលឃាតកម្មគិតទុកជាមុនទេ»។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសារមួយដែល សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យ និងអនុវត្តច្បាប់ លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៉ីណា ឱ្យបានត្រឹមត្រូវនោះ មានហ្វេសប៊ុកមួយឈ្មោះ «Vongchan Reaksmeidara» ដែលអះអាងថា ខ្លួនជាអ្នកសិក្សាផ្នែកច្បាប់ បានចូលទៅ Comment ផ្តល់យោបល់ទាក់ទងនឹងភាពចន្លោះប្រហោង នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មសាហាវ ដែលបាញ់សម្លាប់មនុស្សម្នាក់ហើយ ឈានទៅបាញ់សម្លាប់បន្តបន្ទាប់ដោយមិនបោះបង់។ អ្នករៀនច្បាប់រូបនេះ ចង់ឱ្យមានវិសោធនកម្ម ក្រមព្រហ្មទណ្ឌកម្ពុជា ចាប់ពីមាត្រា ១៩៩ ដល់មាត្រា២០៥ ដែលពាក់ព័ន្ធនឹងឃាតកម្មដោយចេតនា។ ក្រោយការចូលរួមបញ្ចេញមតិរបស់អ្នកសិក្សាច្បាប់រូបនោះ សម្តេចធិបតី បានបន្តចេញសារជាថ្មីមួយទៀត ដោយប្រគល់ភារកិច្ចបន្ថែមជូន លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើសដូចករណីនៃការបាញ់ប្រហារដ៏សាហាវ ដែលបង្កឡើងដោយ អតីតឧកញ៉ា ស្រី ស៊ីណា។
ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីអតីតឧកញ៉ា ស្រី ស៊ីណា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានប្រកាសទទួលស្វាគមន៍គណនីហ្វេសប៊ុក ឈ្មោះ Vongchan Reaksmeidara ក្នុងការចូលរួមផ្តល់មតិអំពីការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌត្រង់ចំណុចនេះផងដែរ៕