Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចស្រីលង្កាមានសង្ឃឹមឡើងវិញ ក្រោយម្ចាស់បំណុលព្រមព្រៀង រៀបចំបំណុល ជិត៦ពាន់លានដុល្លារឡើងវិញ

Media LNN | Jun 29, 2024
សេដ្ឋកិច្ចស្រីលង្កាមានសង្ឃឹមឡើងវិញ ក្រោយម្ចាស់បំណុលព្រមព្រៀង រៀបចំបំណុល ជិត៦ពាន់លានដុល្លារឡើងវិញ
Clinic narith

ស្រីលង្កាដែលកំពុងហ៊ុមព័ន្ធដោយបំណុល បានឈានដល់កិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញក្នុងទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារ ជាមួយប្រទេសម្ចាស់បំណុលនានា ខណៈរដ្ឋាភិបាលប្រទេសដែនកោះមួយនេះ កំពុងព្យាយាមដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។

គណៈកម្មាធិការម្ចាស់បំណុលរបស់ប្រទេសស្រីលង្ការួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង និងឥណ្ឌាកំពុងធ្វើការជាមួយរដ្ឋាភិបាលស្រីលង្កា ដើម្បីរៀបចំបំណុលរចនាសម្ព័ន្ធបំណុលជិត៦ពាន់ដុល្លារដល់ប្រទេសដែលកោះមួយនេះ។

ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វិចក្រាមស៊ីង ( Ranil Wickremesinghe )បានចាត់ទុកកិច្ចព្រមព្រៀងរៀបចំឡើងបំណុលឡើងវិញនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ស្រីលង្កា។ លោកអះអាងថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យស្រីលង្កាពន្យារពេលការទូទាត់ប្រាក់កម្ចីទ្វេភាគីទាំងអស់ដល់បរទេសរហូតដល់ឆ្នាំ២០២៨។ លើសពីនេះ ស្រីលង្កា ក៏នឹងមានឱកាសបន្ថែមក្នុងការសងប្រាក់កម្ចីទាំងនេះ​តាមលក្ខខណ្ឌសម្បទានរហូតដល់ឆ្នាំ២០៤៣ផងដែរ។

ជាមួយគ្នានេះ លោក សេហាន សេម៉ាស៊ីង (Shehan Semasinghe ) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះបាននិយាយថា ប្រទេសស្រីលង្កានិងធនាគារនាំចេញ-នាំចូលនៃប្រទេសចិនទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយស្តីពីការដោះស្រាយបំណុលសរុបទំហំ៤,២ពាន់លានដុល្លារផងដែរ។

ជុំវិញសមិទ្ធផលនេះលោក មួតាហ្សា ហ្សាហ្វេជី (Murtaza Jafferjee) ប្រធានវិទ្យាស្ថានប្រឹក្សាយោបល់ ដែលមានមូលដ្ឋាននៅទីក្រុងកូឡំបូបាននិយាយថា រដ្ឋាភិបាលបានបញ្ចប់ការងារពាក់កណ្តាលហើយ ហើយកិច្ចការដែលនៅសល់ គឺត្រូវសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលពាណិជ្ជកម្ម។ លោកជឿជាក់ថា អ្វីដែលអាចសម្រេចបានមកនេះ គឺពិតជាអាចទាក់ទាញអ្នកវិនិយោគបរទេស និងជួយធ្វើឱ្យការងារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស្រីលង្ការស់ឡើងវិញ។

លោកជឿជាក់ផងដែរថា បន្ទាប់ពីឆ្លងកាត់ឧបសគ្គដ៏សំខាន់នេះ គម្រោងដែលជាប់គាំងជាច្រើន ដូចជាគម្រោងពង្រីកអាកាសយានដ្ឋាន ដែលបានដំណើរការត្រឹមពាក់កណ្តាល និងគម្រោងកសាងផ្លូវល្បឿនលឿន អាចនឹងចាប់ផ្តើមឡើងវិញ ហើយរំពឹងថា នឹងអាចបញ្ចប់នៅរង្វង់ចុងឆ្នាំ២០២៥ ឫដើមឆ្នាំ២០២៦៕