មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានទម្លាយឱ្យដឹងថា ប្រទេសវៀតណាម ត្រូវការថវិកាប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ការដាំដុះស្រូវគុណភាពខ្ពស់របស់ខ្លួននៅលើផ្ទៃដី១លានហិកតា ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ((Mekong Delta)) នៅឆ្នាំ២០៣០ ខណៈដែលទិន្នផលស្រូវអង្ករសរុបរបស់ប្រទេសនេះ ត្រូវបានព្យាករថា អាចឈានដល់៤៣លានតោន ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
អំឡុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមិថុនា ដែលមានការចូលរួមពីក្រសួងផែនការ និងវិនិយោគ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងតំណាងមកពីតំបន់ដីសណ្តទន្លេមេគង្គ ការពិភាក្សាបានផ្តោតលើការប្រើប្រាស់ប្រាក់កម្ចីរបស់ធនាគារពិភពលោក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ការដាំដុះស្រូវគុណភាពខ្ពស់លើផ្ទៃដី១លានហិកតា ក្នុងតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម។
លោក តុន ថាត សឺន ហ្វុង (Ton That Sơn Phong) អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងគម្រោងកសិកម្មនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានសង្កត់ធ្ងន់លើភាពបន្ទាន់ នៃការកៀរគរធនធានអន្តរជាតិ ដោយសារការផ្ដល់ហិរញ្ញប្បទានក្នុងស្រុកនៅមានកម្រិត។
ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានធ្វើការយ៉ាងសកម្មជាមួយអង្គការអន្តរជាតិ ជាច្រើន ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការអភិវឌ្ឍន៍ SNV Netherlands និងវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ (IRRI)។ រហូតមកដល់បច្ចុប្បន្ន ធនាគារពិភពលោកបានប្តេជ្ញាផ្តល់ឥណទាន និងជំនួយបច្ចេកទេស ខណៈដែលវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និងអង្គការមួយចំនួនផ្សេងទៀតបានសន្យាផ្តល់ជំនួយបច្ចេកទេស។
ដោយផ្អែកលើការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក តំណាងមកពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម តំណាងមកពីខេត្តចំនួន១២ និងក្រុងកាន់ថូ (Can Tho) ដែលខ្មែរស្គាល់ថា ក្រុងព្រែកឫស្សី ស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងក្រសួង ព្រមទាំងវិស័យផ្សេងៗទៀត បានធ្វើការដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញមកពីធនាគារពិភពលោក អ្នកជំនាញក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ ដើម្បីតាក់តែងបញ្ចប់សេចក្ដីព្រាងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្របច្ចេកទេសសម្រាប់ការដាំដុះស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាបនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ។
តាមការរំពឹងទុក សេចក្តីព្រាងនៃគម្រោងនេះអាចនឹងត្រូវដាក់ជូននាយករដ្ឋមន្រ្តីពិចារណា និងអនុម័តក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ទិន្នផលស្រូវអង្ករសរុបរបស់ប្រទេសវៀតណាម ត្រូវបានព្យាករថា អាចឈានដល់៤៣លានតោនក្នុងឆ្នាំ២០២៤ នេះ ដែលអាចធានាបំពេញគ្រប់តម្រូវការក្នុងស្រុក និងតម្រូវការនាំចេញជាង៨លានតោន។ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕