Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនអង់គ្លេសផលិតថ្មរថយន្តអគ្គិសនី ដែលអាចបញ្ចូលថាមពលលឿនត្រឹមតែ៥នាទី

Media LNN | Jul 04, 2024
ក្រុមហ៊ុនអង់គ្លេសផលិតថ្មរថយន្តអគ្គិសនី ដែលអាចបញ្ចូលថាមពលលឿនត្រឹមតែ៥នាទី
Clinic narith

ក្រុមហ៊ុនរបស់អង់គ្លេសមួយបានបង្ហាញផលិតផលថ្មីរបស់ខ្លួន គឺផលិតផលថ្មលីចូមអ៊ីយ៉ុងថ្មីមួយសម្រាប់ប្រើក្នុងរថយន្តអគ្គិសនី ដែលអាចផ្ទុកថាមពលអគ្គិសនីបាន៣៥គីឡូវ៉ាត់ម៉ោង ហើយអាចបញ្ចូលថាមពលឡើងវិញបានឆាប់រហ័សចន្លោះពី១០%ទៅ៨០% ដោយប្រើពេលប្រហែល៥នាទីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។

ការបញ្ចូលថាមពលឡើងវិញបានយ៉ាងឆាប់រហ័សរបស់ថ្មរថយន្តអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន Nyobolt មានមូលដ្ឋាននៅក្នុងទីក្រុង Cambridge នេះគឺលឿនជាង២០នាទីនៃការបញ្ចូលថ្មរបស់ក្រុមហ៊ុនរថយន្ត Tesla ទៅទៀត។

លោក សៃ ស៊ីវ៉ារ៉េតឌី (Sai Shivareddy) សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nyobolt បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការស្រាវជ្រាវដ៏ទូលំទូលាយរបស់ពួកគេនៅចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកនេះបានបង្ហាញពីបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីថ្មីមួយ ដែលត្រៀមរួចជាស្រេច ដើម្បីបើកដំណើរការគ្រឿងអគ្គិសនី និងសេវាកម្មថ្មីៗ ដែលបច្ចុប្បន្នចាត់ទុកថាមានតម្លៃបំផុត។

បច្ចុប្បន្នក្រុមហ៊ុន Nyobolt កំពុងពិភាក្សាអំពីការលក់ថ្មរបស់ខ្លួននេះទៅឱ្យក្រុមហ៊ុនផលិត ​រថយន្តអគ្គិសនីចំនួន៨ ហើយបើទោះជាថ្មដែលផ្ទុកថាមពលបាន៣៥គីឡូវ៉ាត់ម៉ោងនេះមានកម្លាំងខ្សោយជាងថ្មមានថាមពល៨៥គីឡូវ៉ាត់ម៉ោង ដែលគេនិយមដាក់ក្នុងរថយន្តអគ្គិសនីនៅអាម៉េរិកក៏ពិតមែន ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះអាចនឹងពង្រីកខ្លួនកាន់តែធំជាងនេះនៅក្នុងពេលអនាគត៕