Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុនបើកចូលទស្សនាភ្នំហ៊្វូជីជាមួយការកំណត់ចំនួន ខណៈថ្ងៃដំបូងទទួលបានអ្នកចុះឈ្មោះជិត២ពាន់នាក់

Media LNN | Jul 04, 2024
ជប៉ុនបើកចូលទស្សនាភ្នំហ៊្វូជីជាមួយការកំណត់ចំនួន ខណៈថ្ងៃដំបូងទទួលបានអ្នកចុះឈ្មោះជិត២ពាន់នាក់
Clinic narith

ប្រទេសជប៉ុន បានបើករដូវកាលសម្រាប់អ្នកឡើងភ្នំហ៊្វូជី (Fuji) ជាផ្លូវការហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយនឹងវិធានការរឹតបន្តឹងមួយចំនួន គួបផ្សំនឹងការដំឡើងថ្លៃសេវាផងដែរក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានហ្វូងអ្នកឡើងភ្នំនេះច្រើនពេក និងការពារកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

អាជ្ញាធរខេត្ត Yamanashi បានដាក់កំហិតលើផ្លូវ Yoshida ដ៏ពេញនិយមបំផុតកាលពីថ្ងៃចន្ទ ដោយបានកំណត់ចំនួនអ្នកឡើងភ្នំហ៊្វូជី ត្រឹមតែ៤ពាន់នាក់ ក្នុង១ថ្ងៃ ពោលគឺមិនឱ្យលើសពីស្ថានីយទី៥ ដែលជាចំណុចចាប់ផ្តើមដ៏ពេញនិយម និងដំឡើងថ្លៃសេវាដល់១២ដុល្លារសម្រាប់អ្នកឡើងភ្នំម្នាក់។

កាលពីព្រឹកថ្ងៃចន្ទ ដែលជាថ្ងៃចាប់ផ្ដើមរដូវកាលឡើងភ្នំនេះ គេបានឃើញអ្នកឡើងភ្នំជាច្រើនបានឈរតម្រង់ជួរគ្នាទាំងកណ្ដាលភ្លៀងដើម្បីត្រៀមខ្លួនដើរឡើងភ្នំនេះ ហើយអ្នកឡើងភ្នំដែលឈរតម្រង់ជួរហួសពីស្ថានីយទី៥ គឺតម្រូវឱ្យពាក់ខ្សែដៃដែលបង្ហាញភស្តុតាងថា ពួកគេបានបង់ថ្លៃសេវារួចហើយ។ មន្ត្រីរដ្ឋបាលបាននិយាយថា មនុស្សប្រហែលជិត២ពាន់នាក់ បានចុះឈ្មោះដើម្បីត្រៀមខ្លួនឡើងភ្នំហ៊្វូជីនៅថ្ងៃដំបូងនេះ។

តាមធម្មតា អាជ្ញាធរជប៉ុនតែងតែបើករដូវកាលសម្រាប់ឡើងភ្នំហ៊្វូជី ដែលមានកម្ពស់៣,៧៧៦ ម៉ែត្រនេះសម្រាប់រយៈពេលជាងពីរខែ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១០ ខែកញ្ញា ដោយគេរំពឹងថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិ រាប់ពាន់នាក់បានឡើងលើភ្នំនេះជារៀងរាល់ឆ្នាំ៕