(តៃប៉ិ)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដានេះថាការរឹបអូសទូកនេសាទតៃវ៉ាន់ដោយអាជ្ញាធរចិន នៅតំបន់ដែនទឹកស្ថិតក្បែរឆ្នេរសមុទ្រចិន ដោយចោទថាធ្វើនេសាទខុសច្បាប់នោះ អាចជាសកម្មភាពមួយនៃសង្រ្គាមចិត្តសាស្ត្ររបស់ប៉េកាំង ដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តៃវ៉ាន់កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បានឱ្យដឹងថាក្រុមមន្ត្រីចិនជាច្រើននាក់ បានឡើងជិះលើទូកនេសាទតៃវ៉ាន់មួយគ្រឿង និងក្រោយមកបាននាំយកទូកនេះទៅកាន់កំពង់ផែមួយក្នុងប្រទេសចិន បន្ទាប់ពីអាជ្ញាធរចិនចោទថាទូកនេសាទនេះបំពានលើបម្រាមហាមឃាត់ការនេសាទក្នុងរដូវក្ដៅ និងធ្វើសកម្មភាពនេសាទខុសច្បាប់។ ការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ចិន កាលពីថ្ងៃពុធម្សិលមិញ ក៏បានបញ្ជាក់ដែរថាការរឹបអូសទូកនេសាទតៃវ៉ាន់នេះដែរ គឺជាសកម្មភាពអនុវត្តច្បាប់ទូទៅដើម្បីការពារធនធានជនផល និងបរិស្ថាន ប្រឆាំងនឹងការនេសាទខុសច្បាប់។
ប៉ុន្តែ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក Tsai Ming-yen បាននិយាយថាវាមិនមែនជារឿងធម្មតានោះទេ ដែលក្រុមមន្ត្រីចិនឡើងជិះលើ និងរឹបអូសទូកនេសាទតៃវ៉ាន់។ លោកបានបន្តថា ចិនអាចធ្វើរឿងបែបនេះ ប្រហែលជាចង់បង្ហាញពីសិទ្ធិអំណាចរបស់ខ្លួនលើតំបន់ច្រកសមុទ្រតៃវ៉ាន់ និងដាក់សម្ពាធលើរដ្ឋាភិបាលតៃវ៉ាន់។ «យើងនឹង បន្តការវិភាគថាតើនេះគឺជាប្រតិបត្តិការសង្រ្គាមចិត្តសាស្ត្រ ឬដែរក៏យ៉ាងណា ហើយនឹងវាយតម្លៃយ៉ាងពេញលេញថាតើអ្វីទៅជាចេតនារបស់កុម្មុយនិស្ដចិន»។ នេះជាការកត់សម្គាល់របស់លោក Tsai Ming-yen។
គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ កើតមានឡើងចំពេលភាពតានតឹងកើនឡើងនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ចាប់តាំងពីលោក Lai Ching-te ស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ តាំងពីខែឧសភាមក។ លោក Lai ត្រូវបានចិនចាត់ទុកថាជាជនផ្ដាច់ខ្លួនដ៏មានគ្រោះថ្នាក់៕