ប្រទេសវៀតណាម អាចរកចំណូលបានរហូតដល់ទៅ១,៥ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញទុរេនក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះ គឺការនាំចេញទុរេនរបស់ប្រទេសដែលជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះសម្រេចបានទំហំលើស១ពាន់លានដុល្លារអាម៉េរិកឯណោះគ្រាន់តែក្នុងខែឧសភា និងមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News កាលពីថ្ងៃពុធ ទី៣ ខែកក្កដា។
លោក ដាង ហ្វុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បានអះអាងថា ការនាំចេញទុរេនកំពុងកើនឡើងយ៉ាងខ្លាំង ដោយទំហំនៃការនាំចេញស្ដេចផ្លែឈើនេះបានឈានដល់៤៥០លានដុល្លារអាម៉េរិក ក្នុងខែឧសភា ដោយកើនឡើង១០៧% បើធៀបនឹងខែមេសា និងកើនឡើង៣៤% បើធៀបនឹងខែដដែលកាលពីឆ្នាំមុន។
លោក ដាង ហ្វុក ង្វៀន បានបន្ថែមទៀតថា ទំហំនៃការនាំចេញទុរេនត្រូវបានប៉ាន់ស្មានថា អាចឈានដល់៦០០លានដុល្លារអាម៉េរិកក្នុងខែមិថុនា ដោយសរុបត្រឹមរយៈពេល២ខែនេះឈានដល់១ពាន់៥០លានដុល្លារអាម៉េរិក។
ស្ថិតិរបស់សមាគមបន្លែ និងផ្លែឈើវៀតណាម បានបង្ហាញថា ការនាំចេញទុរេនរបស់ប្រទេសនេះសម្រេចបាន១,៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ទុរេនបន្តនាំមុខទីផ្សារក្នុងការនាំចេញបន្លែផ្លែឈើរបស់វៀតណាម ដោយទទួលបានចំណូលខ្ពស់ជាងផ្លែស្រកានាគដល់ទៅជិត៤ដងដែលធ្លាប់កាន់តំណែងកំពូលនេះ។
តាមការប៉ាន់ប្រមាណបង្ហាញថា ប្រសិនបើទិន្នផលទុរេននៅតែបន្តក្នុងអត្រានេះ ការនាំចេញទុរេនក្នុងឆ្នាំ២០២៤ នេះនឹងឈានដល់៣ពាន់លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ផងដែរថា ប្រសិនបើពិធីសារនាំចេញទុរេនក្លាស្សេត្រូវបានចុះហត្ថលេខា នោះចំណូលនៃការនាំចេញទុរេនរបស់វៀតណាម អាចនឹងឈានដល់ប្រមាណ៣,៥ពាន់លានដុល្លារអាម៉េរិកឯណោះក្នុងមួយឆ្នាំៗ៕