ធនាគារកណ្តាលរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកបានសម្រេចបញ្ចុះអត្រាការប្រាក់គោលដ៏សំខាន់មួយលើកម្ចីរយៈពេលមួយឆ្នាំ(LPR) ដើម្បីជួយជំរុញអាជីវកម្ម និងទំនុកចិត្តរបស់អតិថជនជាអ្នកប្រើប្រាស់ ស្របពេលកំណើនសេដ្ឋកិច្ចរបស់មហាយក្សមួយនេះកំពុងរង្គោះរង្គើដោយសារកត្តាចម្បងៗមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
ធនាគារកណ្ដាលចិន បានបញ្ចុះអត្រាការប្រាក់គោលដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើកម្ចីរយៈពេលមួយឆ្នាំ(LPR) ពី៣,៤៥% មកនៅត្រឹម៣,៣៥% ដែលនេះ គឺជាការបញ្ចុះលើកដំបូងចាប់តាំងពីខែសីហា ឆ្នាំ២០២៣។ ការបញ្ចុះអត្រាការប្រាក់នេះ គឺជាចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល ហើយជាសញ្ញាបង្ហាញថា អាចនឹងមានការផ្លាស់ប្ដូរគោលនយោបាយនៅពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន កំពុងរងការរង្គោះរង្គើដោយសារកត្តាចម្បងមួយចំនួនដូចជាការធ្លាក់តម្រូវការក្នុងស្រុក និងវិបត្តិកំពុងបន្តកើតមានក្នុងវិស័យអចលនទ្រព្យជាដើម ដែលបន្តបង្កបញ្ហាប្រឈមដល់គោលដៅកំណើនសេដ្ឋកិច្ចប្រមាណ៥% កំណត់ដោយក្រុងប៉េកាំង សម្រាប់ឆ្នាំ២០២៤ នេះ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន នៅក្នុងត្រីមាសទី២ឆ្នាំនេះ បានធ្លាក់មកនៅរង្វង់៤,៧% ដែលទាបជាងការរំពឹងទុក។
ចំណាត់ការបញ្ចុះអត្រាការប្រាក់គោលដ៏សំខាន់នេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមមេដឹកនាំបក្សកុម្មុយនិស្តចិន បានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣ របស់ខ្លួនដែលជាកិច្ចប្រជុំដ៏សំខាន់មួយសម្រាប់កំណត់ទិសដៅគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ប៉ុន្តែទោះបីជាមានការសន្យាថា នឹងគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារឱ្យកាន់តែប្រសើរឡើងតាមរយៈការធ្វើកំណែទម្រង់យ៉ាងណាក្ដី ក៏ជាក់ស្ដែងរដ្ឋាភិបាលចិន មិនទាន់បានដាក់ចេញវិធានការយ៉ាងគំហុកប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។
គួររំឭកផងដែរថា ធនាគារកណ្តាលចិន បានធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបញ្ចុះយ៉ាងច្រើននូវអត្រាការប្រាក់គោលដ៏សំខាន់មួយលើកចុងក្រោយកាលពីខែកុម្ភៈ ពោលគឺបានបញ្ចុះអត្រាការប្រាក់គោលលើកម្ចីរយៈពេល៥ឆ្នាំរបស់ខ្លួន។ ហើយនៅថ្ងៃចន្ទ ទី២២ ខែកក្កដា នេះធនាគារកណ្ដាលចិន បានបញ្ចុះអត្រាការប្រាក់គោលលើកម្ចីរយៈពេល៥ឆ្នាំចំនួន១០ពិន្ទុមកនៅត្រឹម៣,៨៥%៕