Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្ដាលទូទាំងពិភពលោកកំពុងងាកចេញពីប្រាក់ដុល្លារ និងប្រាក់យន់ ហើយបង្កើនការទិញមាសធ្វើជាទុនបម្រុងអន្តរជាតិជំនួសវិញ

Media LNN | Aug 12, 2024
ធនាគារកណ្ដាលទូទាំងពិភពលោកកំពុងងាកចេញពីប្រាក់ដុល្លារ និងប្រាក់យន់ ហើយបង្កើនការទិញមាសធ្វើជាទុនបម្រុងអន្តរជាតិជំនួសវិញ
Clinic narith

ធនាគារកណ្តាលនានា នៅទូទាំងពិភពលោកកំពុងងាកចេញពីប្រាក់ដុល្លារ និងប្រាក់យន់របស់ចិន ហើយបង្កើនការទិញចូលមាសសម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិ ជំនួសវិញ ដោយសារការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។

ទិន្នន័យផ្លូវការបានបង្ហាញថា ចំណែកប្រាក់ដុល្លារក្នុងទុនបម្រុងអន្តរជាតិ ទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងពីជាង៧០% នៅដើមទសវត្សរ៍ឆ្នាំ២០០០ មកនៅកម្រិតទាបជាប្រវត្តិសាស្ត្រត្រឹម៥៨,៩% គិតត្រឹមខែមីនា ឆ្នាំ២០២៤ ហើយចំណែកនៃប្រាក់យន់ របស់ចិន ក៏បានធ្លាក់ចុះខ្លាំងផងដែរ។

ការបញ្ឆេះភ្លើងសង្គ្រាមដោយប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាបន្តបន្ទាប់ដោយសហរដ្ឋអាម៉េរិក បានជំរុញឱ្យប្រទេសនានាងាកចេញពីប្រាក់ដុល្លារ ហើយបង្កើនការទិញចូលមាសទុកជាទុនបម្រុងអន្តរជាតិរបស់ខ្លួនជំនួសវិញ។

ចំណាត់ការនេះឆ្លុះបញ្ចាំងពីនិន្នាការមួយដែលកំពុងកើនឡើងឆ្ពោះទៅរកការធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណជាក់លាក់ណាមួយ ជាពិសេសក្នុងគ្រាដែលប្រព័ន្ធហិរញ្ញវត្ថុសកលលោកកំពុងបែកបាក់។

គិតត្រឹមខែមីនា ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិ ទូទាំងពិភពលោក មានចំនួនសរុប១២,៣៥ទ្រីលានដុល្លារ ដោយចំណែកនៃប្រាក់ដុល្លារ នៅតែស្ថិតក្នុងកម្រិតទាប ខណៈពេលដែលចំណែកនៃប្រាក់យន់ របស់ចិន បានធ្លាក់ចុះខ្លាំងមកនៅត្រឹម២,២%។ បណ្តាប្រទេសដូចជាមហាយក្សចិន ប្រេស៊ីល និងឥណ្ឌា ជាដើមកំពុងបង្កើនការទិញចូលមាសទុកជាជម្រើសទុនបម្រុងដ៏មានសុវត្ថិភាព ដោយធនាគារកណ្តាលនានាបានសម្រុកទិញចូលមាសក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

តាមការព្យាករបង្ហាញថា ធនាគារកណ្តាលនានានឹងបន្តសម្រុកទិញចូលមាស ​ជាពិសេសចំពេលពិភពលោកកំពុងកើតមានជម្លោះនៅឡើយ និងហានិភ័យភូមិសាស្ត្រនយោបាយដែលអាចកើតមាននាពេលអនាគត៕